ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហរទ័យយាងទតការសម្តែងរបាំបាឡេក្នុងកម្មវិធី «មហោស្រពកូរ៉េក្នុងប្រទេសអាស៊ីរាត្រីសមោសររបាំបាឡេកូរ៉េ» ដែលរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅសាលចតុមុខ ក្រោមវត្តមានចូលរួមពីមន្ត្រីស្ថានទូត ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូបទៀត។
បើកឆាកសម្តែងដោយការសម្តែងយឺតៗរបស់ក្រុមរបាំបាឡេរៀបរាប់អំពីរឿង «បឹងហង្ស» ដែលសម្តែងដោយសិល្បករ Han Narea និង Kim Kiwan ជាមួយនឹងក្រុមរបាំបាឡេជាច្រើននាក់ផ្សេងទៀត ដែលរាំយ៉ាងល្វតល្វន់គួរជាទីទាក់ទាញ។ បន្ទាប់មកគឺការបង្ហាញពីក្បាច់រាំឆ្មាំចម្បាំង «ព្រះអង្គម្ចាស់Hodong» របាំ «ចោរសមុទ្រ» របាំ «Spauacus» ការរាំរបស់សិល្បករបីនាក់ក្រោមចំណងជើង «តើអ្នកធំដូចខ្ញុំទេ» របាំ«ខាងក្នុងសាច់ភ្លេង» របាំតុងហ្គោ ការរាំវាយស្គរ«La Bayadere» និងចុងក្រោយគឺការសម្តែងរបាំបាឡេ »Don Quixote»។
ចុងបញ្ចប់នៃកម្មវិធីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហរទ័យប្រគល់ជូននូវកន្ត្រកផ្កា និងផ្តិលប្រាក់ជូនដល់មន្ត្រីស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា របាំបាឡេជាតិរបស់កូរ៉េត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦២ ដែលជាក្រុមហ៊ុនរបាំបាឡេវិជ្ជាជីវៈលើកដំបូងនៅប្រទេសកូរ៉េ។ បច្ចុប្បន្នវាគឺជាក្រុមរាំដ៏អស្ចារ្យនិងគ្រប់ជំនាញដែលមានក្រុមរាំសរុបចំនួន៩០នាក់ដែលមានសមត្ថភាពក្នុងការសម្តែងល្ខោនឆ្លាស់គ្នាយ៉ាងធំទូលាយ។ ក្រុមនេះក៏បានចេញសម្តែងជាង ១០០ដងប្រចាំឆ្នាំហើយ ជាមួយនឹងការបើកដំណើរការនូវសាលាបណ្តុះបណ្តាលរបាំបាឡេផ្ទាល់ខ្លួនសម្រាប់កុមារនិងមនុស្សពេញវ័យផងដែរ។
មហោស្រពកូរ៉េគឺជាកម្មវិធីវប្បធម៌ដ៏ទូលំទូលាយដែលរៀបចំដោយមូលនិធីកូរ៉េដែលបង្ហាញពីសកម្មភាពផ្សេងៗគ្នាច្រើនបែបច្រើនយ៉ាងដើម្បីជួយឲ្យអ្នកទស្សនានៅជុំវិញពិភពលោកបានស្គាល់កាន់តែច្បាស់នូវវប្បធម៌ និងសិល្បៈកូរ៉េ។ សម្រាប់ឆ្នាំ២០១៦នេះ មហោស្រពនេះត្រូវបានបង្ហាញនៅអាស៊ីបូព៌ាដែលជាប្រទេសពោពេញដោយភាសា វប្បធម៌សាសនា ទំនៀមទម្លាប់ចំរុះសព្វបែបយ៉ាង។ ជាមួយគ្នានេះមូលនិធិកូរ៉េក៏បានធ្វើការខិតខំប្រឹងប្រែងដើម្បីបង្ហាញពីវប្បធម៌កូរ៉េ នៅកម្ពុជា និងបង្កើតការយល់ដឹងឲ្យកាន់តែទូលំទូលាយពីវប្បធម៌កម្ពុជានៅក្នុងប្រទេសកូរ៉េផងដែរ។ ប៉ុន្មានឆ្នាំកន្លងមកនេះមូលនិធីនេះបានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីបង្ហាញពីតន្ត្រី និងរបាំបុរាណកូរ៉េទៅទស្សនិកជននៅកម្ពុជា រួមជាមួយនឹងការបង្ហាញពីមហោស្រពម្ហូបកូរ៉េផងដែរ៕
ដោយ៖ វឌ្ឍនា