ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ អដ្ឋិធាតុរបស់លោកគង្គ ប៊ុនឈឿន នឹងត្រូវបញ្ជូនមកកាន់ប្រទេសកំណើតនៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០១៦ នៅចុងសប្ដាហ៍នេះហើយ។ នេះយោងតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់លោក គង្គ ប៊ុនឈឿន ដែលរស់នៅស្រុកខ្មែរ បានអះអាងជាមួយនឹងការប្រកាសអញ្ជើញបងប្អូន ដែលមានទឹកចិត្តអាណិតស្រឡាញ់ ចំពោះគ្រួសារលោក ចូលរួមធ្វើបុណ្យ និងគោរពសពលោក គង្គ ប៊ុនឈឿន នៅថ្ងៃនោះផងដែរ។
លោក មុត ថារី កូនប្រសាររបស់លោក គង្គ ប៊ុនឈឿន បានអះអាងថា នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ធាតុរបស់ឪពុកក្មេកលោក នឹងត្រូវដឹកបញ្ជូនតាមជើងយន្តហោះ មកដល់កម្ពុជាហើយ បន្ទាប់ពីមានការទន្ទឹងយ៉ាងអន្ទះសារ ពីបងប្អូនសាច់ញាតិ និងអ្នកស្រឡាញ់ស្នាដៃ បទចម្រៀងរបស់លោកនៅក្នុងប្រទេសកម្ពុជា។
អ្នកនិពន្ធនិងដឹកនាំរឿងរូបនេះបន្តថា ធាតុនោះសម្រេចបញ្ជូន ពីប្រទេសណ័រវេ ដែលជាទីលោកចែកឋាន និងបូជា ដើម្បីយកមកធ្វើបុណ្យ នៅក្នុងកម្ពុជាតាមបណ្ដាំរបស់លោក គង្គ ប៊ុនឈឿន ដែលចង់អោយធាតុរបស់លោក ត្រូវបានតម្កល់នៅក្នុងប្រទេសកំណើតនោះ។ លោកបញ្ជាក់ដែរថានៅថ្ងៃទី២១ ខែឧសភា ឆ្នា២០១៦ ក៏មានពីធីសូត្រមន្តឧទិសកុសល ជូនដល់វិញ្ញាខន្ធរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានបញ្ជូនមកដល់នោះដែរ ដើម្បីអោយបងប្អូនខ្មែរ បានចូលរួមធ្វើបុណ្យ និងគោរពវិញ្ញាណក្ខន្ធ។
ទីតាំងតម្កល់ធាតុ និងកន្លែងធ្វើបុណ្យនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នោះ ស្ថិតនៅបុរីវិមានភ្នំពេញ តាមបណ្ដោយផ្លូវជា សុផារ៉ា នៅផ្ទះលេខ91D ផ្លូវលេខ352A ដោយម៉ោង១រសៀលថ្ងៃ ក្នុងថ្ងៃធាតុមកដល់ នឹងមានការនិមន្តព្រះសង្ឃសូត្រមន្តទទួលអដ្ឋិធាតុ និងដើម្បីអោយមានការដឹងឮថា ធាតុរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានយកមកតម្កល់នៅក្នុងប្រទេសកំណើតវិញហើយ។
លោក មុត ថារី ក៏បានស្នើអោយមាន ការចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក គង្គ ប៊ុនឈឿន និងធ្វើបុណ្យទទួលធាតុរបស់លោក តាមសទ្ធាជ្រះថ្លានៅថ្ងៃទីសៅរ៍ទី២១ ឧសភា នោះ ដោយលោកបញ្ជាក់ថាពិធីដែលគ្រោងធ្វើនោះ គឺមិនមានប្រកាន់ថាអ្នកណាទើបចូលរួមបាន ហើយអ្នកនាងមិនចូលរួមបាននោះទេ។ បន្ទាប់មកលោក នឹងកំណត់ធ្វើបុណ្យ១០០ថ្ងៃ ឲ្យលោក គង្គ ប៊ុនឈឿន តែមិនទាន់ប្រាកដថាត្រូវធ្វើថ្ងៃណា នៅកន្លែងណាអោយច្បាស់នោះទេ ដោយគ្រាន់តែភាពជាក់ស្ដែង គឺអាចនឹងធ្វើនៅផ្ទះក្នុងបុរីវិមានភ្នំពេញដដែល ដរាបរកទីតាំង តម្កល់ធាតុអោយច្បាស់ថា នៅខេត្តបាត់ដំបង ឬនៅកំពង់ស្ពឺមិនបានទាន់បាននោះទេ។
គួរបញ្ជាក់ថា លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសន័រវេ និងបានបូជាតាមប្រពៃណីខ្មែរកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។ ការបាត់បង់រូបលោកត្រូវបានមហាជនខ្មែរនៅទូទំាងប្រទេសសម្ដែងការសោកស្ដាយក្នុងការបាត់បង់អ្នននិពន្ធឆ្នើមរបស់កម្ពុជាដែលធ្លាប់បានបន្សល់ស្នាដៃនិពន្ធបទចម្រៀង និងកំណាព្យជាច្រើន។ ដំណឹងបញ្ជូនធាតុមកដល់ដីកំណើតនេះ ត្រូវគេប៉ាន់ស្មានថា នឹងមានតារាសិល្បករ ទាំងចាស់ទាំងក្មេង ចូលរួមធ្វើបុណ្យ និងគោរពវិញ្ញាក្ខន្ធច្រើន ដោយសារតែលោក គឺជាកវីនិពន្ធម្នាក់ ដែលមានស្នាដៃនៅក្នុងវិស័យចម្រៀង និងភាពយន្តខ្មែរកន្លងមកនោះ៕
ដោយ៖ វឌ្ឍនា