Update៖ ករណីរថយន្តបុកស្លាប់២នាក់នៅខណ្ឌទួលគោកកាលពីយប់មិញ ពេលនេះសមត្ថកិច្ចឃាត់រថយន្តបង្កបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកមែរសឺដេស ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BF-8898 ដែលបានបើករត់គេចក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបុរស២នាក់ ( ម្នាក់ជាមន្ត្រីនគរបាល )ស្លាប់នៅចំណុចផ្លូវលេខ១៨២ កែងផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោកនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់រថយន្តបង្កគ្រោះថ្នាក់បានហើយគិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ ចំណែកម្ចាស់រថយន្តគេចខ្លួនបាត់។

ការស្រាវជ្រាវរហូតឈានដល់ឃាត់រថយន្តបាននេះ គឺកម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយនគរបាលខណ្ឌបឹងកេងកង ដោយឃាត់នៅចំណុច ផ្លូវលេខ២៧៦ កែងផ្លូវលេខ១៥៧ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង ដោយឃាត់បានតែរថយន្តប៉ុណ្ណោះ ។

ជនរងគ្រោះ២នាក់ដែលបានស្លាប់ក្នុងហេតុការណ៍ខាងលើ មានទី១-ឈ្មោះ ម៉ុក ច័ន្ទដា អាយុ២៣ឆ្នាំ មុខរបរមន្រ្តី នគរបាលជាតិ ឋានន្តរស័ក្តិ ព្រិន្ទបាលទោ មានស្រុកកំណើតនៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ទី២-ឈ្មោះ ម៉ុក ចិន្តា  ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ។

គួររំលឹកថា កាលពីវេលា​ម៉ោង​៣ទៀបភ្លឺ​ ឈានចូលថ្ងៃ​ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២២ រថយន្តខាងលើបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើកបុកម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BN-0345 ជិះដោយជនរងគ្រោះ២នាក់ខាងលើ តាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម ចំពីមុខពេញទំហឹងបណ្តាលឱ្យខ្ទាតផ្លោងទាំងម៉ូតូ និងមនុស្សស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

...

ក្រោយបង្កហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ហើយក៏ត្រូវសមត្ថកិច្ចជំនាញតាមស្រាវជ្រាវរហូតរកឃើញនៅព្រឹកថ្ងៃខែឆ្នាំដដែលនេះតែម្តងទៅ ។ បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print