ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ និងកាច់.កម៉ូតូដ៏សកម្មត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចេញល្បាតចាប់ខ្លួនបានកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចខាងក្រោយស្ថាននីយ៍ប្រេងតូតាល់ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាប្លន់ និងកាច់.កម៉ូតូនេះមានឈ្មោះ នូ ដាវិត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសែនសុខទី៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចធ្វើការចាប់យកសោខ្សៀកែច្នៃទុកសម្រាប់កាច់.កម៉ូតូ១ និងម៉ូតូជិះធ្វើសកម្មភាព១គ្រឿង ម៉ាកហុងដា FTR ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C-2385 ។
ប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានចេញល្បាតតាមគោលដៅងាយរងគ្រោះ ខណៈល្បាតមកដល់ត្រង់ចំណុចស្ថាននីយ៍ប្រេងតូតាល់ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងឈរក្បែរម៉ូតូនៅកន្លែងស្ងាត់ម្នាក់ឯង ។ ភ្លាមនោះសមត្ថកិច្ចក៏បានសុំធ្វើការត្រួតពិនិត្យ រហូតប្រទះឃើញមានកូនសោខ្សៀកែច្នៃទុកសម្រាប់កាច់.កម៉ូតូ ក៏ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យឈ្មោះ នូ ដាវិត បានសារភាពថា រូបគេនិងបក្ខពួក៥នាក់ទៀតមានកាំភ្លើងខ្លី១ដើម ម៉ាក K54 ។ កន្លងមកធ្លាប់ធ្វើសកម្មភាពប្លន់ និងកាច់.ក បានសម្រេចជាច្រើនលើកច្រើនសារ យកម៉ូតូរបស់ប្រជាពលរដ្ឋបានចំនួនប្រមាណ២៥គ្រឿង ។ សកម្មភាពនេះខ្លួននិងបក្ខពួកបានធ្វើឡើងតាំងពីអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្តិមធ៌ កសាងសំណុំរឿងពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ