ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន ជាច្រើនតាមបណ្តាញសង្គមហ្វ៊េសប៊ុក ពីការមិនទទួលយករបស់ម្ចាស់អាជីវកម្មមួយចំនួននូវក្រដាសប្រាក់១០ ម៉ឺនរៀល និង ៥០ ០០០រៀល ធនាគារជាតិនៃកម្ពុជាបានធ្វើការព្រមានតាមទំព័រហ្វ៊េសប៊ុករបស់ខ្លួនយ៉ាងធ្ងន់ៗទៅតាមមាត្រានៃ ច្បាប់ប្រទេសកម្ពុជា ដោយលើកឡើងថា ប្រសិនណាជនណាដែលពុំទទួលចាយប្រាក់រៀលរបស់កម្ពុជានោះទេ នឹងត្រូវជាប់ទោសពន្ធនាគារព្រមទាំងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរផងដែរ។
នៅក្នុងគេហទំព័រ ហ្វ៊េសប៊ុករបស់ធនាគារនេះ បានបង្ហោះពីច្បាប់ដាក់ទោសទណ្ឌដល់ជនណាដែលមិនទទួលយកការទូទាត់ជា ប្រាក់រៀលដោយបង្ហាញថា «ជនណាពុំព្រមទូទាត់រូបិយវត្ថុដេលមានតម្លៃនីត្យានុកូលនិងមាន តេជានុភាពធ្វើសេរីការលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង១០០ដងនៃ ទឹកប្រាក់ដែលពុំព្រមទូទាត់»។
ហ្វេសប៊ុកធនាគារជាតិបានលើកឡើងដោយយោងក្នុងមាត្រាទី៤៣ និង៦៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៦៩/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ «ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីការគ្មានព្រំដែន»។
ការដោះដូរពាណិជ្ជកម្ម និងការចាយវាយទូទៅនៅកម្ពុជាត្រូវបានគ្របដណ្តប់ដោយប្រាក់ដុល្លារភាគច្រើន។ ឈ្មួញមួយចំនួនធ្លាប់ត្អូញត្អែរថា ការដែលពួកគេពុំចង់យកប្រាក់រៀលដោយសារប្រាក់រៀលថោក (១ដុល្លារ ប្រហែល៤០០០រៀល) ធ្វើឲ្យគេលំបាករាប់លុយ។
មន្ត្រីធនាគារមួយរូបធ្លាប់លើកថា ដោយសារទាំង កម្ពុជា និងប្រទេសមួយចំនួន ចាយប្រាក់ដុល្លារអាមេរិក ភាគច្រើននោះ ធ្វើឲ្យសេដ្ឋកិច្ច អាមេរិកើនឡើងយ៉ាងប្រសើរដែលមួយផ្នែកបានមកពីចំណូលនៃការបោះពុម្ពលុយឲ្យ ប្រទេសតូចៗ ឬប្រទេសចាយប្រាក់ដុល្លារអាមេរិក ៕
ដោយ៖ ប្រាថ្នា