ភ្នំពេញ៖ តើយើងគួរចាយលុយនេះទៀតទេ? បើហាងមួយនេះមិនព្រមយក (ក្រដាសប្រាក់ប្រភេទដប់ម៉ឺនរៀល) តើខ្មែរយើងផលិតលុយនេះឲ្យនរណាចាយ? បើស្រុកខ្មែរខ្លួនឯងមិនចាយផង? នេះគឺជាការលើកឡើងរបស់ប្រិយមិត្ត អ្នកនិយមលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានរិះគន់យ៉ាងខ្លាំងទៅលើម្ចាស់ហាង Master Sukisoup Savanna Market រើសអើងមិនចាយប្រាក់រៀល និងមានចេតនាមើលងាយជាតិសាសន៍ខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត។
កន្លងទៅមានករណីបែបនេះជាញឹកញាប់ ចំពោះការមិនចាយប្រាក់រៀល ហើយខាងធនាគារជាតិក៏ធ្លាប់បានចេញសេចក្ដីជូនដំណឹងអំពីបញ្ហានេះ តម្រូវឲ្យមានការទូទាត់ប្រាក់រៀលដែលជារូបិយវត្ថុរបស់ជាតិ។ ប៉ុន្តែ រូបភាពបែបនេះនៅបន្តកើតមានដដែល ដូចជាហាង Master Sukisoup Savanna Market ធ្វើបែបនេះគឺខុសធ្ងន់ធ្ងរបំផុត គួរណាស់តែសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធមានវិធានការណែនាំ ជៀសវាងសាយភាយនូវទម្លាប់ដ៏អាក្រក់នេះប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ។
នៅក្នុងរូបភាពដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកចែករំលែកព័ត៌មាននេះគឺ មានបុគ្គលិក Sukisoup Savanna Market បានកាន់ក្រដាសប្រាក់ប្រភេទដប់ម៉ឺនរៀលនិងរូបភាពហាងមួយនេះ សុទ្ធតែអ្នកដែលមានបំណងល្អដើម្បីឲ្យអតិថិជនបានដឹងពីការរើសអើងនេះ និងតម្រូវឲ្យអាជ្ញាធរត្រូវមានវិធានការណែនាំ។
បើទោះជាមានរូបភាពនេះកើតមានឡើងក៏ដោយ ប៉ុន្តែនគរដ្រេហ្គន មិនអាចទាក់ទងបានទេពីម្ចាស់ហាង Master Sukisoup Savanna Market នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នេះ ដោយគ្មានលេខទូរស័ព្ទ។
ករណីនេះធនាគារជាតិកម្ពុជា ព្រមានអ្នកមិនចាយប្រាក់រៀលត្រូវជាប់គុកនិងពិន័យ១០០ដង បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន ជាច្រើនតាមបណ្តាញសង្គមហ្វ៊េសប៊ុក ពីការមិនទទួលយករបស់ម្ចាស់អាជីវកម្មមួយចំនួននូវក្រដាសប្រាក់១០ ម៉ឺនរៀល និង ៥០ ០០០រៀល ធនាគារជាតិនៃកម្ពុជាបានធ្វើការព្រមានតាមទំព័រហ្វ៊េសប៊ុករបស់ខ្លួនយ៉ាងធ្ងន់ៗទៅតាមមាត្រានៃ ច្បាប់ប្រទេសកម្ពុជា ដោយលើកឡើងថា ប្រសិនណាជនណាដែលពុំទទួលចាយប្រាក់រៀលរបស់កម្ពុជានោះទេ នឹងត្រូវជាប់ទោសពន្ធនាគារព្រមទាំងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរផងដែរ។
នៅក្នុងគេហទំព័រ ហ្វ៊េសប៊ុករបស់ធនាគារនេះ បានបង្ហោះពីច្បាប់ដាក់ទោសទណ្ឌដល់ជនណាដែលមិនទទួលយកការទូទាត់ជា ប្រាក់រៀលដោយបង្ហាញថា «ជនណាពុំព្រមទូទាត់រូបិយវត្ថុដេលមានតម្លៃនីត្យានុកូលនិងមាន តេជានុភាពធ្វើសេរីការលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង១០០ដងនៃ ទឹកប្រាក់ដែលពុំព្រមទូទាត់»។
ហ្វេសប៊ុកធនាគារជាតិបានលើកឡើងដោយយោងក្នុងមាត្រាទី៤៣ និង៦៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៦៩/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ «ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីការគ្មានព្រំដែន»។
ការដោះដូរពាណិជ្ជកម្ម និងការចាយវាយទូទៅនៅកម្ពុជាត្រូវបានគ្របដណ្តប់ដោយប្រាក់ដុល្លារភាគច្រើន។ ឈ្មួញមួយចំនួនធ្លាប់ត្អូញត្អែរថា ការដែលពួកគេពុំចង់យកប្រាក់រៀលដោយសារប្រាក់រៀលថោក (១ដុល្លារ ប្រហែល៤០០០រៀល) ធ្វើឲ្យគេលំបាករាប់លុយ។
មន្ត្រីធនាគារមួយរូបធ្លាប់លើកថា ដោយសារទាំង កម្ពុជា និងប្រទេសមួយចំនួន ចាយប្រាក់ដុល្លារអាមេរិក ភាគច្រើននោះ ធ្វើឲ្យសេដ្ឋកិច្ច អាមេរិកើនឡើងយ៉ាងប្រសើរដែលមួយផ្នែកបានមកពីចំណូលនៃការបោះពុម្ពលុយឲ្យ ប្រទេសតូចៗ ឬប្រទេសចាយប្រាក់ដុល្លារអាមេរិក ៕
ដោយ៖ សុខ ខេមរា+ប្រាថ្នា