តាមការប្រកាសរបស់អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍ Egypt Air លោកAhmed Adel បានបញ្ជាក់ថាៈ ក្រុមអ្នករុករកបានចូលទៅកៀកបំណែកយន្តហោះដែលប្រទះឃើញនៅដែនសមុទ្រមេឌីទែរ៉ាណេគឺមិនមានជាបំណែករបស់យន្តហោះMS 804 ដឹកអ្នកដំណើរ ៦៦នាក់ដែលបាត់ខ្លួននោះឡើយ។
លោកAdel បាននិយាយទៅកាន់បណ្តាញព័ត៌មានស៊ីអ៊ិនអ៊ិនថា«នៅពេលនេះយើងកំពុងតែរុករកជាបន្តទៀត ហើយបំណែកដែលយើងបានប្រទះឃើញកន្លងមកនេះមិនមែនជារបស់យន្តហោះដែលបាត់ខ្លួនឡើយ»។ នៅមុននេះបន្តិចលោក Adel បានប្រកាសថារកឃើញបំណែកយន្តហោះនៅលើដែនសមុទ្រប៉ុន្តែក្រោយមកក៏បានបញ្ជាក់ថាមិនមែនជារបស់យន្តហោះMS 804។
លោកAdel បញ្ជាក់ទៀតថា Egypt Air មិនបានចូលរួមផ្តល់ក្នុងការស្វែងរកនោះឡើយ ហើយរាល់ព័ត៌មានពាក់ព័ន្ធគឺទទួលពីរដ្ឋាភិបាលនិងកម្លាំងយោធាអេហ្ស៊ីបប៉ុណ្ណោះ។
យន្តហោះ ដឹកអ្នកដំណើររបស់ក្រុមហ៊ុន Egypt Air មានលេខហោះហើរ MS 804 បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដាកាលពីថ្ងៃទី ១៩ខែឧសភា ដោយនៅលើយន្តហោះមានអ្នកដំណើរ ៥៦នាក់ និងក្រុមពហុនិកា១០នាក់។
អេហ្សីុបនិង ក្រិចបានបញ្ជូនយន្តហោះយោធានិងនាវាចម្បាំងទៅកាន់តំបន់សមុទ្រដែលយន្តហោះខាងលើបាត់ខ្លួន។
នៅពេលនេះគេមិនទាន់អាចសន្និដ្ឋានបានថាយន្តហោះខាងលើជួបនៅបញ្ហាអ្វីនោះឡើយ ។ ប៉ុន្តែតាមឯកទេសនៅពេលដែលយន្តហោះមិនបានផ្តល់សញ្ញាអាសន្នឬសុំជំនួយនោះ មានន័យថាយន្តហោះអាចរងការវាយប្រហារឬជួបហេតុការអាក្រក់ណាមួយធ្វើឲ្យយន្តហោះត្រូវបំផ្លាញក្នុងរយះពេលខ្លីទើបគ្មានការទំនាក់ទំនង។
ចំណែកប្រធានក្រសួងសន្តិសុខជាតិ រុស្ស៊ី លោកAleksandr Bornikov បញ្ជាក់ថា ហេតុការធ្លាក់យន្តហោះ gypt Air គឺកើតឡើងដោយការវាយប្រហារភេរវកម្ម។ លោកបញ្ជាក់ថា« ជារឿងអកុសលថ្ងៃនេះយន្តហោះអេហ្សីុបជួបគ្រោះថ្នាក់ ហើយវាជាការពិតណាស់គឺជាសកម្មភាពរបស់ក្រុមភេរវកម្ម ដែលបានសម្លាប់មនុស្ស៦៦នាក់មកពី១២ប្រទេសនៅលើយន្តហោះខាងលើ។
យន្តហោះខាងលើដឹកអ្នកដំណើរ ៥៦នាក់ និងក្រុមពហុនិកា១០ ហោះហើរពីប្រទេសបារាំងទៅកាន់អេហ្សីុប។ ក្នុងចំណោមអ្នករងគ្រោះមានជនជាតិ អេហ្សីុប៣០នាក់ ជនជាតិបារាំង១៥នាក់, អីរ៉ាក់២នាក់ ,អង់គ្លេសម្នាក់,ប៊ែលហ្សិចម្នាក់ ,គុយវែតម្នាក់, អារ៉ាប៊ីសាអូឌិតម្នាក់,ស៊ូដង់ម្នាក់, ឆាតម្នាក់, អេស្បាញម្នាក់,អាលហ្សឺរីម្នាក់និងកាណាដាម្នាក់ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី