ភ្នំពេញ ៖ សហព័ន្ធកីឡាសូរិនហ្ស៊ីកាំប៉ូកម្ពុជាប្រកាសថា នឹងមិនជ្រើសរើសកីឡាករ ថ្មីសម្រាប់ធ្វើការហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០១៧ទេ ពោល គឺសហព័ន្ធកីឡាប្រយុទ្ធមួយនេះនៅតែបន្តប្រមូលផ្ដុំកីឡាករចាស់ៗដែលធ្លាប់ឆ្លងកាត់ការប្រកួតនៅក្រៅប្រទេសឲ្យមកហ្វឹកហាត់ត្រៀមឡើងវិញដដែល ខណៈដែលព្រឹត្តិ ការណ៍កីឡាស៊ីហ្គេមត្រូវធ្វើនៅប្រទេស ម៉ាឡេស៊ី ។
លោក ឡាច ចាន់សុវណ្ណ គ្រូជម្រើសជាតិកីឡាសូរិនហ្ស៊ីកាំប៉ូមានជំនឿចិត្តខ្ពស់ចំពោះកីឡាករចាស់ៗរបស់ ខណៈដែល ធនធានថ្នាលថ្មីៗហាក់នៅមានកម្រិតទាបនៅឡើយសម្រាប់ការដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំ តំបន់មួយនេះ។
លោកបញ្ជាក់ថា ទាក់ទងនឹងស៊ីហ្គេមនៅឆ្នាំ២០១៧ខាងលើសហព័ន្ធកីឡាសូរិនហ្ស៊ីកាំប៉ូនៅតែបន្តជ្រើសរើសយកកីឡាករចាស់ៗមកធ្វើការហ្វឹកហាត់ឡើងវិញដដែលដើម្បីចូលរួមប្រកួតពីព្រោះកីឡាករថ្មីៗ របស់យើងហាត់ស្ទើរ ។
ដូច្នេះមិនទាន់មានជំនឿជឿជាក់ច្បាស់លាស់ថា ប្រាកដជា បានមេដាយនោះទេ តែបើកីឡាករចាស់ៗ វិញ គឺយើងជឿជាក់ខ្លាំងស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ីនេះប្រាកដជាដណ្តើមបានមេដាយត្រឡប់មកវិញ ។
ទោះជាយ៉ាងណាក្ដីមកទល់ពេលនេះ សហព័ន្ធកំពុងកោះហៅអតីតម្ចាស់មេដាយមាសស៊ីហ្គេម២០១១ គឺកីឡាករ សុវណ្ណ គិរី ដើម្បីឲ្យមកចូលហ្វឹកហាត់ជាមួយក្រុម ជម្រើសជាតិវិញ ពីព្រោះសហព័ន្ធមានទំនុកចិត្តខ្លាំងលើរូបគេទាំងផ្នែកបច្ចេកទេសនិងស្មារតីក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។
គួររំលឹកថា សហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជាពុំមានវត្តមានក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី២៨នៅសិង្ហបុរីឡើយ ដោយសារគណៈកម្មការរៀបចំការប្រកួត មិនដាក់បញ្ចូលប្រភេទកីឡាប្រយុទ្ធមួយនេះ ៕
ដោយ៖ សារីម