ប៉ូលិសអឺរ៉ុប Europol និងប៉ូលិសអន្តរ ជាតិInterpol កាលពីថ្ងៃទី១៨ ខែឧសភា បានប្រកាសថា កាលពីឆ្នាំកន្លងមកមាន ជនភៀសខ្លួនរហូតដល់ទៅជាង១លាន នាក់បានចូលដល់ទឹកដីអឺរ៉ុប ហើយក្នុង ចំណោមនោះមានពលរដ្ឋរហូតដល់ទៅ ៩០ភាគរយត្រូវបង់ថ្លៃជូនក្រុមជួញដូរ មនុស្ស។
តាមរបាយការណ៍របស់ប៉ូលិសខាងលើ ក្រុមជួញដូរមនុស្សរកប្រាក់ចំណូលបាន រហូតដល់ពី៥ទៅ៦ពាន់លានដុល្លារដោយ សារតែក្រុមជួញដូរមនុស្សបង្ខំឲ្យជនភៀស ខ្លួនត្រូវតែបង់ប្រាក់ឲ្យពួកគេយ៉ាងតិច ៣,២០០ដល់៦,៥០០ដុល្លារអាមេរិកដើម្បី បានចូលទៅកាន់អឺរ៉ុប។ បណ្តាញជួញដូរ មនុស្សកំពុងតែរកប្រាក់បានយ៉ាងច្រើន ដោយសារតែមានជនភៀសខ្លួនច្រើនចូល ទៅអឺរ៉ុប។
ក្នុងពេលជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍រវាងសហភាព អឺរ៉ុបនឹងប្រទេសទួរគីកំពុងជួបឧបសគ្គ។ ឧបសគ្គដែលបានកើតមានឡើងក្រោយពីការថ្លែងរបស់លោកប្រធានាធិបតីទួរគី Receyp Tayyip Erdogan ប្រឆាំងនឹង សំណើមួយរបស់អឺរ៉ុបដែលសុំឲ្យទួរគីធ្វើ កំណែទម្រង់ច្បាប់ប្រឆាំងភេរវនិយម។ អឺរ៉ុបបានបញ្ជាក់ថា បើទួរគីមិនបំពេញលក្ខ ខណ្ឌមួយនេះទេ អឺរ៉ុបនឹងមិនលុបចោល ទិដ្ឋាការសម្រាប់ពលរដ្ឋទួរគីដែលចង់ចូលក្នុងលំហ Schengen ឡើយ។
ដើម្បីអាចឲ្យអឺរ៉ុបលុបទិដ្ឋាការសម្រាប់ពលរដ្ឋទួរគីចូលក្នុងលំហ Schengen បាន អឺរ៉ុបបានតម្រូវឲ្យទួរគីបំពេញលក្ខខណ្ឌ ចំនួន៧២ចំណុចចាប់ពីពេលនេះដល់ ដំណាច់ខែមិថុនាខាងមុខ។ ជាថ្នូរត្រឡប់ពី ទួរគីវិញ ទួរគីបានយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយអឺរ៉ុបក្នុងការទទួលយកជន អន្តោប្រវេសន៍។ កិច្ចព្រមព្រៀងស្តីពីជន អន្តោប្រវេសន៍រវាងអឺរ៉ុបនឹងទួរគីត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ កិច្ចព្រមព្រៀងស្តីពីជនអន្តោ ប្រវេសន៍នោះបានចែងពីការចាប់បញ្ជូនជន អន្តោប្រវេសន៍ដែលចូលក្នុងទឹកដីប្រទេសក្រិកខុសច្បាប់ទៅកាន់ប្រទេសទួរគីវិញ។
ក្រៅពីយល់ព្រមលប់ចោលទិដ្ឋាការ សម្រាប់ពលរដ្ឋទួរគីចូលក្នុងលំហរ Schengen អឺរ៉ុបក៏យល់ព្រមផ្តល់ប្រាក់ឲ្យទួរគី ចំនួន៣.០០០លានអឺរ៉ូដែរ។ តែជាដំបូង ទួរគីត្រូវគោរពឲ្យបានពេញលេញនូវលក្ខខណ្ឌចំនួន៧២ចំណុចជាមុនសិន។ នៅ ក្នុងលក្ខខណ្ឌចំនួន៧២ចំណុចរបស់អឺរ៉ុបក៏មានសំណូមពរឲ្យទួរគីធ្វើកំណែទម្រង់លើច្បាប់ប្រឆាំងភេរវនិយមដែរ។ ច្បាប់ ដែលអឺរ៉ុបយល់ថា មិនបានឆ្លើយតបតាមស្តង់ដារប្រជាធិបតេយ្យរបស់អឺរ៉ុបទេ។
កន្លងមកទីក្រុងអង់ការ៉ាធ្លាប់បានបញ្ជាក់ ថា ខ្លួនបានបំពេញលក្ខខណ្ឌជាច្រើនដែលអឺរ៉ុបបានទាមទារ រួមទាំងសម្រួលច្បាប់ ប្រឆាំងភេរវនិយមផង។ សូមជម្រាបជូនថា សម្រាប់រដ្ឋាភិបាលទួរគីច្បាប់ប្រឆាំងភេរវនិយមជាប្រធានបទរសើបខ្លាំងណាស់ ព្រោះចំពេលដែលទួរគីកំពុងប្រឈមនឹង ជម្លោះជាមួយក្រុមឧទ្ទាមឃើដ និងកំពុង ទទួលរងអំពើភេរវកម្មជាច្រើនដងពីពួក ជីហាដអង្គការ រដ្ឋអ៊ិស្លាម។ តែសម្រាប់អឺរ៉ុប ច្បាប់ប្រឆាំងភេរវនិយមរបស់ទួរគីហាក់ ដូចជាទូលំទូលាយខ្លាំង ព្រោះវាបានប៉ះ ពាល់ដល់ក្រុមប្រឆាំងនៅទួរគី។
ជាថ្មីម្តងទៀត អឺរ៉ុបបានស្នើឲ្យទួរគីធ្វើកំណែទម្រង់ច្បាប់នេះឲ្យបានស៊ីជម្រៅ បន្ថែមទៀត។ តែលោកប្រធានាធិបតីទួរគី Erdogan បានបដិសេធ និងប្រើពាក្យធ្ងន់ៗតបនឹងអឺរ៉ុបយ៉ាងដូច្នេះថា « បើអឺរ៉ុបមិន សុខចិត្តទេ យើងគួរតែចែកផ្លូវគ្នាដើរ ហើយអឺរ៉ុបអាចទៅចុះកិច្ចព្រមព្រៀងជា មួយអ្នកផ្សេងចុះ » ។ សម្រាប់មជ្ឈមណ្ឌល European Policy Center បានយល់ ឃើញថា ពាក្យសម្តីរបស់ប្រមុខរដ្ឋទួរគី អាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងអឺរ៉ុប និងទួរគីស្តីពីជនអន្តោប្រវេសន៍រលាយត្រឹមនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី