ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាសម្តែងវ័យក្មេង របស់ព្រះរាជាណាចក្រថៃចំនួន៤រូប ដែលបានសម្តែងក្នុងខ្សែភាពយន្តបែបកំប្លែងរឿង«ព្រះតេជគុណជេស4G» បានធ្វើដំណើរមកជួបអ្នកគាំទ្ររបបស់ពួកគេនៅកម្ពុជា ។ កម្មវិធីជំនួបសិល្បករថៃ និងអ្នកគាំទ្រនៅកម្ពុជានេះ ត្រូវបានរៀបចំឡើង ដោយរោងភាពយន្ត Legend មុនពេលដែលខ្សែភាពយន្តនេះ ចាប់ចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជានៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ ។
កម្មវិធីជំនួបអ្នកគាំទ្រជាច្រើនរយនាក់ខាងលើត្រូវបានរៀបចំឡើងក្នុងបរិវេណរោង ភាពយន្ត Legend នាផ្សារទំនើប ស្ទឹងមានជ័យថ្មី កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ។
សិល្បករថៃ រូបដែលបានចូលរួមសម្តែងរឿង «ព្រះតេជគុណជេស4G» នឹងបង្ហាញវត្តមាននៅកម្ពុជា មានដូចជាលោក និក , គុណណាធីប ,ប៉ាដុង, កូស, អាកការ៉ាត់ ជាដើម ។
ពួកគេបានបង្ហាញចំណាប់អារម្មណ៍រីករាយ ដោយសិល្បករខ្លះ បានមកកាន់កម្ពុជាជាច្រើនលើក ច្រើនសារ ដើម្បីជួបអ្នកគាំទ្ររបស់ពួកគេ ហើយនៅតែមានអ្នកគាំទ្រចូលចិត្តការសម្តែងរបស់ពួកគេឲ្យតែបង្ហាញស្នាដៃសម្តែងថ្មីៗ នៃខ្សែភាពយន្ត ។ ជាក់ស្តែង នាឱកាសពេលនេះ ឃើញមានមិត្តយុវវ័យជាច្រើន មកចូលរួមគាំទ្រពិតជារំភើប និងមិននឹកស្មានមានអ្នកស្រឡាញ់គាំទ្ររឿង «ព្រះតេជគុណជេស4G» មកជុំគ្នាយ៉ាងណែនមុនពេលចាក់បញ្ចាំងបែបនេះ ។
ពួកគេក៏បានថ្លែងអំណរគុណដល់រោងភាពយន្ត Legend និងក្រុមការងារ ទាំងអស់ dEl បានគាំទ្រជួយសម្រួលរាល់កិច្ចការដល់ពួកគេ ព្រមទាំងបានបញ្ចាំងរឿង ដែលស្នាដៃរបស់ពួកគេដល់យុវវ័យកម្ពុជាដែលកំពុងតែទន្ទឹងរង់ចាំផងដែរ ។
រឿង «ព្រះតេជគុណជេស4G» នឹងចាក់បញ្ចាំងជាផ្លូវការនាថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ នៅគ្រប់រោងភាពយន្តនារាជធានីភ្នំពេញ ។ ក្រុមយុវវ័យទាំងអស់ ដែលបានចូលរួម សុទ្ធតែបង្ហាញពីអារម្មណ៍រីករាយ ជាមួយនឹងជំនួបផ្ទាល់ ជាមួយសិល្បករថៃ ហើយពួកគេបញ្ជាក់ថា ពួកគេត្រៀមខ្លួនសើចឲ្យហើយ ព្រោះនេះ ជារឿងបែបកំប្លែងរីករាយស្ទើរតែគ្រប់ឈុតឆាក ស្របពេលដែលតារាសម្តែង សុទ្ឋតែជាតារាត្រូវចិត្តយុវវ័យផងនោះ នឹងបង្កើនការទាក់ទាញមួយកម្រិតទៀតផងដែរ ។ នាឱកាសជួបផ្ទាល់ជាមួយអ្នកគាំទ្រ តារាសម្តែងទាំងនោះ បានសម្តែងរាំបើកឆាកក្នុងបទចម្រៀងនៃសាច់រឿង ជូនអ្នកគាំទ្រ ព្រមទាំងអ្នកគាំទ្រមួយចំនួនត្រូវបានអ្នករៀបចំឲ្យមានការអនុញ្ញាតថតរូបជាមួយតួថៃ ក្នុងភាពស្និទ្ធស្នាលដើម្បីបង្ហាញការស្រឡាញ់រាប់អានគ្នាជាពិសេស ។
គួរបញ្ជាក់ផងដែរថា រោងភាពយន្តលេជេន ជារោងភាពយន្តទំនើបមួយ នៅកម្ពុជា ដែលមានការពេញនិយម តាំងពីយូរមកហើយ សម្រាប់ទស្សនិកជនដែល និយមទស្សនាខ្សែភាពយន្តនានា មិនថាតែបែបហូលីវូដ ឬខ្សែភាពយន្តខ្មែរឡើយ ។
រោងភាពយន្តលេជេន មិនត្រឹមតែគាំទ្រដល់ភាពយន្តបរទេស មកចាក់បញ្ចាំងនោះទេ ថែមទាំងពេញចិត្តគាំទ្រលើវិស័យភាពយន្តខ្មែរផងដែរ ដោយតែងតែផ្តល់ឱកាសដល់ផលិតករបានចាក់បញ្ចាំងរឿងខ្មែរយ៉ាងពេញចិត្ត ក្នុងន័យសម្រួលលើកទឹកចិត្តដល់ភាពយន្តកម្ពុជា ដែលកំពុងបោះជំហានទៅមុខ ។ ក្រៅពីលើកស្ទួយដល់វិស័យភាពយន្ត លេជេន ក៍តែងតែជួយដល់សកម្មភាពមនុស្សធម៌ ព្រមទាំងលើកកម្ពស់វិស័យកីឡាកន្លងមកផងដែរ ៕
ដោយ៖ វឌ្ឍនា