ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាសម្តែង លោក អ៊ុក សុភ័ក្កិរិទ្ធ បានចូលប្រឡូកក្នុងអាជីពសិល្បៈជាមួយនឹងស្នាដៃគូសម្តែងខ្សែភាពយន្ត និងបទចម្រៀងជាច្រើនរឿង ។ តារាប្រុស រូបស្រស់សង្ហាររូបនេះ បញ្ជាក់ថា គ្រប់តួអង្គសម្តែងទាំងអស់ លោកអាចសម្តែង បាន និងមិនប្រកាន់ថា ជាតួឯក ឬតួរងនោះទេ ។
ការប្រកាសជំហររបស់តារាសម្តែងមួយចំនួនថា មិនសម្តែងនោះទេ ប្រសិនបើមិនបានជាតួឯក បានបង្កើតឲ្យមានការរិះគន់មួយចំនួនពីទស្សនិកជនថា សិល្បករទាំងនោះ មានជំងឺតួឯក និងបូសក្លៀក ។ ទោះជាយ៉ាងណា តារាសម្តែង ដែលធ្លាប់ទទួលបានតំណែងចំណាត់ថ្នាក់លេខ៥ ក្នុងកម្មវិធីប្រកួត Freshy Boy &Girl ក្នុងឆ្នាំ២០១១ មកលោក អ៊ុក សុភ័ក្កិរិទ្ធ បានបញ្ជាក់ថា ទោះបីជាឈរជើងយូរ គួរសមជាមួយនឹងការងារសិល្បៈ និងមិនទាន់លេចធ្លោ ខ្លាំងក្តី ក៏លោកពេញចិត្តនឹងសមិទ្ធផលដែលលោកសម្រេចបាន ។
តារាសម្តែងវ័យ២៥ឆ្នាំរូបនេះ បញ្ជាក់ថា បើនិយាយពីស្នាដៃ សម្តែងភាពយន្តវិញ លោក ទទួលបានការងារមួយនេះបន្តកន្ទុយគ្នាក្នុងពិភពភាពយន្តខ្មែរអស់ជាច្រើនរឿងគួរឲ្យកត់សម្គាល់ រហូតអាចនិយាយថា តួសម្តែងខ្លះ មានតួលេខសម្តែងមិនដល់លោកផង ។ យ៉ាងណា នេះប្រហែលជាលោកអាចរកចំណុចសំខាន់ ក្នុងការសម្តែងទាក់ទាញផលិតករភាពយន្ត ឬអ្នកដឹកនាំរឿងបាន ទើបសម្រេចច្បិចយកវត្តមានតារាប្រុសរូបនេះ ឲ្យចូលរួមសម្តែងបន្តគ្នា ទោះមិនដល់ថ្នាក់តួអង្គសំខាន់ ក៍អាចបំបែកកេរ្តិ៍ឈ្មោះបានផងដែរ ។
មានខ្សែរឿងជាច្រើន ដែលលោកបានរំលេចឡើង ដោយទេពកោសល្យ ផ្ទាល់ ដូចជារឿង «សង្សារខ្ញុំអាប» រឿង «វិញ្ញាណលោកម្ចាស់ក្រញូង» រឿង «ក្រមុំ៣១កំលោះ៥២» រឿង «ចាំតែខ្លាចតើ!» ។
ចំពោះផ្នែកភាពយន្តភាគធ្លាប់ថតរឿង «តាមស៊ើបជួបស្នេហ៍» «វាលស្រែស្នេហ៍ខ្ញុំ» រឿង «ស្នេហ៍ចាំជាតិ» ជាដើម ។ ថ្មីៗនេះ លោកទទួលបានឱកាសថតរឿងចំនួន២ទៀត ដើម្បីបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ក៍ដូចជាតាមរោងកុនដូចជារឿង «កំណត់ហេតុនាងនាថ» និងមានកិត្តិយសត្រូវបានអ្នកស្រីពាន់ ភួងបុប្ជា អនុញ្ញាតឲ្យសម្តែងរឿង «បណ្តឹងស្រីទាំង៥» ដោយមានវត្តមានប៉ះជាមួយតារាល្បីៗជាច្រើនជំនាន់ផងដែរ ។
តារាប្រុសរូបនេះបញ្ជាក់ថា លោកតែងតែបណ្តុះគំនិតថា ខំស៊ូជាមួយការងារ និងខំដុះខាត់សមត្ថភាពឲ្យកាន់តែប្រសើរឡើងៗ ដោយប្រកាន់ទស្សនៈថា ខំសម្តែងតាំងពីចំណុចទី១ តិចៗសិន ហើយថ្ងៃណាមួយ គេពិតជាមើលឃើញពីអ្វីដែលបានច្នៃ ។
នៅទីបំផុតលោកទទួលបានការងារពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយកិច្ចការសិល្បៈ ដែលអាចនឹងថា ការបំពេញភារៈកិច្ច យើងហុចសញ្ញាល្អគួរជាទីពេញចិត្ត ។ លោកមិននឹកស្មានថា មានខ្សែភាពយន្តជាច្រើន បានធ្លាក់ដល់ដៃមានវត្តមានសម្តែងទេ ប៉ុន្តែបែរជារត់មកយ៉ាងច្រើន ស្ទើរតែមិនជឿនេះ ប្រហែលជាគេមើលឃើញពីស្នាដៃ ការគោរពពេលវេលា បូកផ្សំជាមួយគុណធម៌ផង ទើបរុញយើងទៅមុខបាន ។
អតីតនិស្សិតច្បាប់រូបនេះ បានថ្លែងទៀតថា សិល្បៈងាយស្រួល ប្រសិនបើយើងចេះរៀបចំខ្លួនឲ្យបានល្អ ផ្សំជាមួយទេពកោសល្យនោះ អាចវែកផ្លូវយើងដើរទៅមុខបានដើម្បីជាការធ្វើឲ្យទស្សនិកជនវាយតម្លៃពេញចេញផ្សាយស្នាដៃនោះ ។ ទទ្ទឹមនឹងរឿងមួយនេះ លោកនៅមិនទាន់ឈានឡើងតួឯកណាមួយទេ ប៉ុន្តែរឿងដែលលោកបានសម្តែងកន្លងមក គឺហាក់បង្ហាញភាពលេចធ្លោច្រើន បានសឹងថា ប្រហែលជាតួឯក ។ ដូចនេះហើយ ទើបលោកមិនអន់ចិត្ត ព្រោះតួឯក ឬមិនឯក មិនសំខាន់នោះទេ សំខាន់ការសម្តែងដល់ ឬអត់ បើយើងខ្លាំងគឺសម្តែងកើត អ្នកមើលក៏គេចេះវាយតម្លៃយើងផងដែរ ។ ដូចនេះ ហើយ ទើបកន្លងមក លោកសប្បាយចិត្ត គ្រាដែលរឿងនីមួយៗ លោកសម្តែង ក៏មានឈុតឆាកច្រើន លោកសម្តែង ដែលជាឱកាសឲ្យលោកបានបញ្ចេញស្នាដៃទាញយកប្រជាប្រិយភាព ។
លោកនៅតែមានជំនឿចិត្តថា ថ្ងៃណាមួយ លោកនឹងប៉ះបានតំណែងតួឯក ឬជាតួអង្គលេចធ្លោក្នុងអាជីពសិល្បៈជាក់ជាមិនខាន ៕
ដោយ៖ វឌ្ឍនា