មានស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសបារាំងដល់ទៅ១/៤ បានអស់ឬជិតអស់សាំងមិនអាចផ្គត់ផ្គង់ប្រេងសាំងគ្រប់គ្រាន់ដល់ពលរដ្ឋបាន បង្កឱ្យមានរថយន្តជាច្រើនតម្រង់ជួររង់ចាំអស់ជាច្រើនម៉ោង ។គិតត្រឹមពាក់កណ្តាលថ្ងៃត្រង់ថ្ងៃទី១០ខែតុលា មានស្ថានីយប្រេងឥន្ធនៈ រហូតដល់២០៩៣ កន្លែង ក្នុងចំណោម១១.១០០ កន្លែងបានអស់ប្រេងសាំងទាំងស្រុង និងជាង១.១០១ស្ថានីយប្រេងឥន្ធនៈក៏បានជិតអស់សាំងផងដែរ ។
លោក Jean Galibert ជាអតិថិជនដែលចតរថយន្តនៅជួរចុងក្រោយបង្អស់ដែលមានប្រវែង៧០០ម៉ែត្រ ពីស្ថានីយប្រេងឥន្ធនៈនៅទីក្រុងបារីសបានត្អូញត្អែរថា គ្រាន់តែការរង់ចាំចាក់សាំងគឺត្រូវចំណាយពេលដល់ទៅជាង២ម៉ោង ។
ចំណែកនៅក្នុងស្ថានីយប្រេងឥន្ធនៈ យានយន្តជាច្រើនបានរង់ចាំដល់វេនចាក់សាំង។ ប៉ុន្តែក្រោយការចាំជាច្រើនម៉ោងកន្លងមក ស្ថានីយប្រេងឥន្ធនៈក៏បានដាក់ស្លាកប្រាប់អតិថិជនថា អស់សាំងហើយ។
ស្ថានភាពកាន់តែតានតឹងនៅក្នុងប្រទេសបារាំង ក្រោយពេល ក្រុមហ៊ុន Total Energies និង Exxon Mobil បាននាំគ្នាធ្វើបាតុកម្មស្នើទាមទារដំឡើងប្រាក់ខែ ១០%បន្ថែមទៀត។ ការធ្វើកូដកម្មធ្វើឱ្យសកម្មភាពផលិតប្រេងនៅក្នុងប្រទេសបារាំងថយចុះ ៦០% ៕ ដោយធីរីណា
រូបថត : Zingnews.vn