អាមេរិកនិងអាល្លឺម៉ង់ សន្យាផ្តល់ប្រព័ន្ធមីស៊ីលការពារដល់អ៊ុយក្រែន ក្រោយរងការ វាយប្រហារពីរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកបៃឌិនបានសន្យាថា នឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារបន្ថែមទៀតដល់អ៊ុយក្រែនក្រោយរងការវាយប្រហារពីមីស៊ីលរុស្ស៊ីមកលើទីក្រុងធំៗរបស់អ៊ុយក្រែន។

នៅថ្ងៃទី១០ខែតុលា ក្រោយរងការវាយប្រហារពីរុស្ស៊ី ប្រធានាធិបតីបៃឌិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដោយលោកបៃឌិនបានសន្យាបញ្ជូនប្រព័ន្ធការពារបន្ថែមដល់អ៊ុយក្រែន ក្នុងនោះមានប្រព័ន្ធការពារដ៏ទំនើប។
ចំណែកអាល្លឺម៉ង់វិញក៏បានប្រកាសថានឹងបញ្ជូនប្រព័ន្ធអាវុធការពារដែនអាកាសឱ្យអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះដែរ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានឱ្យដឹងថា ទីក្រុងបែរឡាំង នឹងបញ្ជូនប្រព័ន្ធការពារ ដែនអាកាស IRIS-T SLM មួយគ្រឿងដំបូងក្នុងចំណោម៤គ្រឿងទៅឱ្យអ៊ុយក្រែន ក្នុងពេលរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា លោកស្រី Christine Lambrecht បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា «ការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងកៀវ និងទីក្រុង ជាច្រើនទៀតបានបង្ហាញពីសារៈសំខាន់នៃការផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសជាបន្ទាន់…ការបាញ់ស្រោចមីស៊ីល និងការវាយប្រហារដោយយន្ដហោះដ្រូនពីសំណាក់រុស្ស៉ីលើជនស៊ីវិល គឺជាហេតុផលមួយដែលយើងកំពុងផ្ដល់ការគាំទ្រជាពិសេសជាមួយប្រព័ន្ធអាវុធការពារដែនអាកាស»។
រុស្ស៉ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់មីស៊ីលស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច១៤នាក់ និង ៩៧នាក់រងរបួស។ រីឯលោក ពូទីន បានអះអាងថា នេះជាការសងសឹកទៅនឹងការបំផ្ទុះបំផ្លាញស្ពានដ៏សំខាន់មួយនៅក្នុងតំបន់គ្រីមៀដែលលោកផ្ទាល់ ចោទប្រកាន់ថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញនេះ។ លោក ពូទីនក៏បានព្រមានដែរថា
រុស្ស៉ីនឹងធ្វើការវាយប្រហារកាន់តែសាហាវជាងនេះ បើការវាយប្រហារលើទឹកដីរុស្ស៉ីនៅតែបន្តកើតមាន៕ ដោយធីរីណា

រូប​ថត​ :​ AP

...

រូប​ថត​ :​AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print