ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់» ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលានេះមានការចូលរួមពី លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ដែលជាសមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ១០០រូប នៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងមតិស្វាគមន៍ដល់អង្គសិក្ខាសាលា លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានណែនាំឱ្យអង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់នូវមាត្រាសំខាន់ៗនៃច្បាប់ ដែលអត្ថាធិប្បាយដោយវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប.។ ច្បាប់នេះប្រៀបបានដូចជារបងដ៏រឹងមាំមួយផងដែរ ដែលអាចជួយឱ្យអ្នកកំពុងប្រកបរបរទទួលទានដោយស្មោះត្រង់ និងសុចរិតទទួលបាននូវការគាំពារពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្មក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដោយមិនមានភាពភ័យខ្លាចនិងឈ្នះនូវគូរប្រកួតប្រជែង ដែលមិនស្មោះត្រង់ណាមួយ ព្រមទាំងស្នើឱ្យសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ លើកជាមតិយោបល់ ចោទជាសំណួរ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយឱ្យបានច្រើន។
ជាមួយគ្នានោះផងដែរ លោកឧកញ៉ាអគ្គនាយក ក៏បានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ខិតខំបំពេញភារកិច្ច និងណែនាំសមាជិក-សមាជិកា សភាពាណិជ្ជកម្មទាំងអស់រួមគ្នាអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវចៀសវាងរងការពិន័យនានា ពីមន្ត្រីអនុវត្តច្បាប់ដែលនាំឱ្យខាតបង់ផលប្រយោជន៍។
ក្នុងឱកាសនោះផងដែរ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានជម្រាបថាគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងផ្នែកច្បាប់ចៀសវាងអនុវត្តខុសជាយថាហេតុដោយធុរជន សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។
សិក្ខាសាលាផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ដែលពាក់ព័ន្ធច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាសិក្ខាសាលាលើកទី១៨ ហើយ ដែលអគ្គនាយកដ្ឋាន ក.ប.ប. បានសហការរៀបចំជាមួយសភាពាណិជ្ជកម្មកម្ពុជា។ ជារួម ច្បាប់ទាំងនេះត្រូវបានផ្សព្វផ្សាយដល់ធុរជនទូទាំងប្រទេសរួចមកហើយ ប៉ុន្តែយើងនៅតែបន្តផ្សព្វផ្សាយច្បាប់ទាំងនេះបន្ថែមទៀត ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានសកម្មភាពធុរកិច្ចច្រើននិងកំពុងតែកើនឡើង។ សិក្ខាសាលានេះ គឺជាវេទិកាយ៉ាងសំខាន់មួយ ក្នុងគោលបំណងជំរុញ លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ព្រមទាំងចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗ ដែលបាននឹងកំពុងកើតមានឡើងពាក់ព័ន្ធដល់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់កន្លងមក។
កិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ គឺមានភាពប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង នៅពេលដែលធុរកិច្ចបានធ្វើសកម្មភាពកេងបន្លំអ្នកប្រើប្រាស់ នោះច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវយកមកអនុវត្ត ហើយនៅពេលដែលធុរជនបង្កើតនូវការព្រមព្រៀងឃុបឃិតគ្នាកំណត់ថ្លៃសម្រាប់លក់ឱ្យអតិថិជន គឺសកម្មភាពនេះស្ថិតក្រោមវិសាលភាពនៃច្បាប់ស្តីពីការប្រកួតប្រជែង ដែលសំដៅដល់ការលើកកម្ពស់ឱ្យប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់។
ក្នុងនាមជាសេនាធិការ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» អគ្គនាយកដ្ឋាន ក.ប.ប. ទទួលបន្ទុកអនុវត្តច្បាប់ទាំងពីរខាងលើនេះ។ ទន្ទឹមនឹងការអនុវត្តច្បាប់ទាំងពីរនេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏ផ្តោតសំខាន់លើការបញ្ជ្រាបវប្បធម៌នៃការប្រកួតប្រជែងដោយស្មើភាព និងការការពារអ្នកប្រើប្រាស់ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការជំរុញការយល់ដឹង ដល់ភាគីពាក់ព័ន្ធរួមមាន សហគមន៍ពាណិជ្ជកម្ម (ដូចកម្មវិធីដែលបានធ្វើឡើងនៅថ្ងៃនេះ) ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ប្រព័ន្ធតុលាការ ដៃគូអភិវឌ្ឍន៍ បណ្តាញផ្សព្វផ្សាយ និងសាធារណជនទូទៅ លើបទប្បញ្ញត្តិនៃច្បាប់ និងការទទួលខុសត្រូវរួមគ្នា ដើម្បីធានាថាស្ថាប័នទាំងនោះមើលឃើញពីផលប្រយោជន៍នៃការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕ដោយ៖សហការី