រុស្ស៊ីចាប់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកលើស្ពាន គ្រីមៀ

ចែករំលែក៖

នៅថ្ងៃទី១២ខែតុលា ក្រសួងសន្តិសុខជាតិរុស្ស៊ី (FSB) បានប្រកាសថា បានចាប់ខ្លួនមនុស្ស៨ នាក់ ក្នុងនោះមានជនជាតិរុស្ស៊ី៥នាក់ និងជនជាតិអ៊ុយក្រែន៣នាក់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកលើស្ពានគ្រីមៀ។

លោក Kyrylo Budanov រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរុស្ស៊ីបានបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកលើស្ពានគ្រីមៀគឺរៀបចំឡើងដោយ ក្រុមចារកិច្ចជាតិរបស់អ៊ុយក្រែន ដែលបានឡើងគម្រោងនាពេលកន្លងមក ។
កាលពីថ្ងៃទី៨ខែតុលា រថយន្តដឹកទំនិញផ្ទុកពេញដោយរំសេវបានផ្ទុះនៅលើស្ពានគ្រីមៀបង្កឱ្យខូចខាតយ៉ាងខ្លាំង បង្ខំឱ្យបិទស្ពានទាំងស្រុង ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតភ្ជាប់រវាងរុស្ស៊ីនឹងតំបន់គ្រីមៀ។ រុស្ស៊ីបានចាត់ទុកការវាយប្រហារនោះគឺជាសកម្មភាពភេរវកម្មសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ។ ក្រោយការវាយប្រហារ រុស្ស៊ីក៏បាន«សងសឹក»ដោយវាយប្រហារទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលជាង១០០គ្រាប់ ។
រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលអ៊ុយក្រែន លោក Herman Halushchenko បាននិយាយថា រុស្ស៉ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ប្រហែល៣០% ដោយការវាយប្រហារមីស៉ីលរបស់ខ្លួន រយៈពេល២ថ្ងៃមកនេះ គឺនៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្តាហ៍នេះ។
មកទល់នឹងថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលអ៊ុយក្រែនបានទទូចដល់ប្រជាជនកុំឱ្យប្រើប្រាស់សម្ភារមិនចាំបាច់ខ្លះក្នុងផ្ទះដូចជា ឡដុតនំ និងម៉ាស៉ីនបោកគក់ជាដើម ដើម្បីសន្សំសំចៃអគ្គិសនី ខណៈដែលមនុស្សរាប់លាននាក់កំពុងប្រឈមនឹងការដាច់ភ្លើង បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតរបស់រុស្ស៉ី លើបណ្តាញថាមពលរបស់ប្រទេស។
ដោយលើកឡើងពីការមិនគោរពច្បាប់អន្តរជាតិរបស់រុស្ស៉ី លោក ហាលូសឈិនកូ បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ CNN យ៉ាងដូច្នេះថា «យើងសូមជូនដំណឹងទៅកាន់ដៃគូរបស់យើងថា យើងត្រូវការការពារដែនអាកាស។ ពួកគេមិនបានខ្វល់ពីកិច្ចព្រមព្រៀង ឬអនុសញ្ញាអន្តរជាតិណាមួយឡើយ»។
ទីក្រុងមូស្គូបានហៅការវាយប្រហាររបស់ខ្លួននៅអ៊ុយក្រែនថាជាប្រតិបត្តិការយោធាពិសេស ដើម្បីលុបបំបាត់អ្នកជាតិនិយមដ៏គ្រោះថ្នាក់ និងការពារប្រជាជននិយាយភាសារុស្ស៉ី ហើយបានចោទប្រកាន់លោកខាងលិចថា បានបង្កើនឬអូសបន្លាយជម្លោះតាមរយៈការគាំទ្រទីក្រុងកៀវ៕ ដោយធីរីណា

...

រូប​ថត​ :​tienphong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print