សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថាបើកិច្ចប្រជុំស្តីពី “កំពូលស្រ្តីអាស៊ានលើកទី២”

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោកស្រី សមាជិកក្រុមប្រឹក្សាខេត្តជាស្ត្រី ចំនួន៣រូប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំស្តីពី “កំពូលស្រ្តីអាស៊ានលើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃប្រទេសសមាជិកអាស៊ាន ស្រ្តីជាថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ានតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) ដោយមានអ្នកចូលរួមសរុបប្រមាណ ៨០០នាក់ ខណៈដែលមានប្រមាណ៣០០នាក់ជាថ្នាក់ដឹកនាំនិងស្ត្រីជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នអញ្ជើញចូលរួមផ្ទាល់នៅវិមានសន្ដិភាព រាជធានីភ្នំពេញ និងប្រមាណ ៥០០នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី សហការជាមួយអង្គការអុកស្វាមនៅកម្ពុជា  ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជា និងអាស៊ាន ក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀតដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេលអនាគតផងដែរ។ 

ថ្លែងក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និង ទៅអនាគត, ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ដូចនេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្រ្តី និងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ។ ជាក់ស្ដែង, សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាន និង កំពុង ប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត, ស្ត្រីភាគច្រើន ចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ, កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្តល់ការគាំទ្រតាមការចាំបាច់ ។ 

ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏ដូចជាបំផុសសក្ដានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និង ផ្តល់ ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖ 

ទី១.រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហ គ្រាសធុន មីក្រូ តូច និង មធ្យម និង សហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និង ផ្នត់ គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ។ 

ទី២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ ជំនាញ (Upskilling) និង បណ្តុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និង ក្មេងស្រី រួមទាំង កម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។ 

ទី៣. លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ឌីជីថល សម្រាប់ស្ត្រី និង ក្មេងស្រី តាមរយៈការផ្ដល់ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និង ព័ត៌មាន ក្នុងការចាប់ផ្តើម និង អភិវឌ្ឍអាជីវកម្ម ។ 

ទី៤.ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយ នានាផ្នែកគាំពារសុខុមាភាពគ្រួសារ និង ការឆ្លើយតបលើការងារថែទាំគ្រួសារ និង ការងារផ្ទះរបស់ ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និង សុខុមាលភាពសង្គម៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print