រដូវ​វស្សាទឹកហក់ឡើងប្រជាពលរដ្ឋ ងាកមកនេសាទលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាព ខណៈពេលស្រែស្រូវលិចលង់ដោយជំនន់ទឹកភ្លៀង​

ចែករំលែក៖

(កំពង់ធំ)៖ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងនាឆ្នាំនេះ ហក់ឡើងខ្លាំង បណ្ដាលឱ្យលិចលង់ ដំណាំស្រូវរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិចតា ទើបបង្ខំចិត្តឲ្យពួកគាត់ ប្រមូលផ្ដុំគ្នាមកបង់សំណាញ់ ខ្លះទៀតនាំគ្នាស្ទូចត្រី ជាលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាពក្នុងគ្រាលំបាក ។

     ប្រជាពលរដ្ឋទាំងនោះបានរៀបរាប់ប្រាប់ ឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅក្នុងរដូវកាលនេះ គឺពួកគាត់ជាប់មមាញឹកក្នុងការងារ កសិកម្ម ជាពិសេសគឺធ្វើស្រែ ដោយឡែកឆ្នាំនេះដោយសារតែស្ថានភាពជំនន់ ទឹកភ្លៀងហក់ឡើងតាំងពីដើមខែមក ភ្លៀងសឹងរាល់ថ្ងៃ គួបផ្សំឆ្នាំនេះឆាប់ចូលរដូវវស្សាលឿន ធ្វើអោយពួកយើងក្តាប់ស្ថានភាពមិនបាន។ ខណៈពេលនេះស្រូវស្រែភាគច្រើនត្រូវលិចលង់អស់ ទើបបណ្តាលឲ្យខូចខាត ដូច្នេះហើយយកពេលវេលានេះមកបង់សំណាញ់ និងខ្លះទៀតស្ទូចត្រី នេសាទលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

      ពួកគាត់បានរៀបរាប់បន្តឲ្យដឹងទៀតថា  ស្របពេលទឹកកំពុងបាចហាច តាមប្រឡាយ និងតាមវាល ពួកគាត់អាចបង់សំណាញ់ក្នុងមួយថ្ងៃបានត្រី០៤ ទៅ០៥គីឡូក្រាម យកលក់ខ្លះ និងទុកទទួលទានខ្លះ ត្រីដែលពួកគាត់បង់សំណាញ់បាន គឺជាប្រភេទត្រីចម្រុះ ដូចជាត្រីឆ្ពិន ត្រីឆ្លាំង ត្រីផ្ទក់ ត្រីអណ្ដែង ត្រីឆ្លូញជាដើម ប្រភេទត្រីទាំងនេះ ពួកគាត់អាចលក់បាន ក្នុង១គីឡូក្រាម តម្លៃ១០.០០០រៀល ទៅ១២.០០០រៀល។

     ដោយឡែកស្ត្រីអាជីវករលក់ត្រី នៅទំនប់បង្ហៀរទឹក ៣០កញ្ញា ស្ថិតនៅភូមិសាស្ត្រស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ឱ្យដឹងដែរថា ត្រីឆ្នាំនេះសំបូរជាងឆ្នាំមុន ប៉ុន្តែមិនសូវមានមនុស្សមកលេងកម្សាន្តដូចឆ្នាំមុនៗទេ។ ទាំងនេះដោយសារតែស្ថានភាពផ្លូវពិបាក កន្លែងខ្លះត្រូវលិចលង់ និងកន្លែងខ្លះទៀតទឹកហូរផ្ដាច់ផ្លូវ កត្តាទាំងនេះហើយទើបធ្វើឲ្យពួកគាត់លក់មិនសូវដាច់។ 

       ពួកគាត់បន្តប្រាប់ស្រដៀងគ្នាថា ជារៀងរាល់រដូវទឹកដំឡើង ពួកគាត់អាចលក់ត្រីនៅទីនេះ បានក្នុងមួយថ្ងៃ១០គីឡូក្រាម ទៅ២០គីឡូក្រាម ហើយអាច រកប្រាក់ចំណូលក្នុង១ថ្ងៃ ៨០.០០០រៀល ទៅ ១៥០.០០០រៀលដែរ ដោយឡែកឆ្នាំនេះ គឺកាត់បន្ថយប្រាក់ចំណូលពាក់កណ្តាល។

     ដូច្នេះហើយអ្នកលក់ត្រី ក៏ដូចជាលក់ចំណីអាហារ នៅតំបន់កំសាន្តទំនប់បង្ហៀរទឹក ៣០ កញ្ញា ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំនេះ សូមអំពាវនាវប្រជាពលរដ្ឋក្នុងខេត្ត ក៏ ដូចជាភ្ញៀវទេសចរណ៍ជាតិ ដែលមានបំណង មកលេងកំសាន្តនៅតំបន់នេះ សូមជួយទិញ ចំណីអាហារ និងសមិទ្ធផលនានា ដែលផលិតនៅទីនេះដូចជា ត្រីធម្មជាតិ ផ្អកកូនត្រី(ត្រីប្រៃ) ប្រហុក។ល។ ព្រោះចំណីអាហារនៅទីនេះ គឺ ប្រជាពលរដ្ឋនេសាទតាមបឹងធម្មជាតិក្នុងបរិវេណទីនេះសុទ្ធសាធ  មិនក្លែងបន្លំ ជាពិសេសគឺតម្លៃសមរម្យ និង មានអនាម័យអាចទុកចិត្តបាន៕

...

IMG_9106

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print