សម្តេចតេជោ ហ៊ុនសែន ក្នុងនាមប្រធានអាស៊ានអរគុណប្រតិភូអាស៊ានទាំងមូល ដែលបានមកចូលរួមប្រជុំផ្ទាល់នាព្រឹកនេះ !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រតិភូអាស៊ានទាំងមូលក្នុងឱកាសចូលរួមប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និងវប្បធម៌ដោយផ្ទាល់។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ប្រធានអាស៊ាន និងនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការស្វាគមន៍ ក៏ដូចជាអំណរគុណដល់ប្រតិភូអាស៊ានទាំងមូល សម្រាប់ការអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និងវប្បធម៌ ដោយផ្ទាល់ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ប្រធានអាស៊ាន និងនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា សសរស្ដម្ភរបស់អាស៊ានត្រូវបានបែងចែកជា៣រួមមាន សន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ច និង សហគមន៍ សង្គម វប្បធម៌។

សម្ដេចថា៖ «នៅក្នុងអាស៊ានយើង យើងមានសសរស្ដម្ភបី សសរស្ដម្ភទីមួយគឺសន្តិសុខនយោបាយសសរស្ដម្ភទីពីរគឺ សហគមន៍សេដ្ឋកិច្ច និងសសរស្ដម្ភទីបីគឺសហគមន៍ សង្គម វប្បធម៌ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រជុំនាថ្ងៃនេះ»។

ក្នុងនោះ សម្ដេច ឱ្យដឹងបន្ថែមថា សសរស្ដម្ភទាំងបី គឺពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ សម្ដេចបានលើកទឹកចិត្តឱ្យប្រតិភូទាំងមូល ខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយឱ្យដំណើរការនៃកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និង វប្បធម៌ នាថ្ងៃនេះទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។
សម្តេចតេជោថ្លែងថា, ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់យើង ប្រកបដោយភាពធន់ និង ចីរភាព, អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និង បង្កើនការយកចិត្តទុកដាក់លើការគាំពារ និង អភិវឌ្ឍមូលធនមនុស្ស តាមរយៈ៖
(១). ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយ ផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ,
(២).ការអភិវឌ្ឍ ប្រព័ន្ធសុខភាពសាធារណៈ និង ប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹង វិបត្តិនានា
និង (៣). ការពង្រឹងវិស័យអប់រំ និង ការអភិវឌ្ឍជំនាញ ។

ជាមួយគ្នានេះ, បទពិសោធពីជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ ក្នុង ការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចតំបន់ ប្រកបដោយសមធម៌ និង បរិយាប័ន្ន ។ ក្នុងន័យនេះ, ខ្ញុំសង្ឃឹមថា បណ្តា សមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័ត «សេចក្ដីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពនៃ អត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន» ។ បន្ថែមលើ នេះ, ការបន្តយកចិត្តទុកដាក់លើសន្តិសុខ និង សុវត្ថិភាពការងារ ព្រមទាំងស្ថិរភាពប្រាក់ ចំណូលរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ជាកិច្ចការដ៏សំខាន់មួយផងដែរ ។ ដូច្នេះ, យើង ត្រូវបន្តគាំទ្រ និង ជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែលបានដាក់ចេញក្នុង «សេចក្ដីថ្លែង ការណ៍អាស៊ានស្តីពីការកសាងអនាគតប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាពធន់៖ ការលើក កម្ពស់សហគ្រិនភាពស្ត្រីនៅក្នុងតំបន់អាស៊ាន» ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print