ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ជាអគ្គភ័ស្តុភារជាន់ខ្ពស់ ដែលគិតគូរពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ធានាបាននូវសុខមាលភាព សមត្ថភាព ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី។
ការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងក្នុងឱកាសនាំយកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ចែកជូនដល់កងទ័ពចំណុះអគ្គបញ្ជាការដ្ឋាន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានវិស្វកម្ម។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា កាយវិការដ៏ប្រសើរថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តមួយយ៉ាងធំធេងចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ហើយជារៀងរាល់ឆ្នាំ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានឧបត្ថម្ភជាបន្តបន្ទាប់ ទាំងអាវភ្លៀង អាវរងា រួមនឹងសម្ភារៈ ថវិកា ជាច្រើនទៀត។
ជាមួយនឹងការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីថ្នាក់ដឹកនាំ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្តលើសកម្ពស់មនសិកាស្នេហាជាតិ ស្មោះត្រង់ និងអនុវត្តន៍ម៉ឺងម៉ាត់រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងនោះត្រូវទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ចំពោះជនអគតិដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ផងដែរលើការកម្ពស់បើស្មារតីគ្រប់គ្រងថែរក្សាសម្ភារៈ បរិក្ខារ គ្រឿងបំពាក់ផ្សេងៗឱ្យបានល្អ និងត្រៀមកម្លាំង មធ្យោបាយ ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយកើតឡើង៕
ដោយ : សិលា