ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១២ ខែតុលាម្សិលមិញនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត និងស្រុកមោងឬស្សី បានធ្វើការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០២លើក។
របាយការណ៍ដដែលបន្តថា ការបង្ក្រាបលើកទី១ នៅវេលាម៉ោង១០និង១០នាទី ត្រង់ចំណុចភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុកសំឡូត បានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១នាក់ឈ្មោះ គិន ណាត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ការបង្ក្រាបលើកទី២ នៅវេលាម៉ោង១០និង៤៥នាទី ត្រង់ចំណុចភូមិភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុកមោងឫស្សី បានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១នាក់ឈ្មោះ សុង សុជា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ករណីទាំង២ខាងលើនេះ កម្លាំងនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕ដោយ៖សហការី