ភ្នំពេញ៖ យោងតាមរបាយការណ៍ចំណូលពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ បានបញ្ជាក់ថា ការប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមរបស់លោក-លោកស្រីអគ្គនាយករង លោកនាយកសាលាជាតិគយ ប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានអង្គភាពគយនិងរដ្ឋាករក្រោមឱវាទ និងមន្ត្រីជំនាញមួយចំនួន។
របាយការណ៍ដដែលបន្តថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះគយនិងរដ្ឋាករប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%។ ផ្អែកតាមចំណូលតាមប្រភេទពន្ធនិងអាករ ចំណូលអាករពិសេស រួមចំណែក ៣៨,១% នៃចំណូលសរុប) ចំណូលអាករលើតម្លៃបន្ថែម ៣៧,៦% នៃចំណូលសរុប) និងចំណូលពន្ធគយ១៨,៩% នៃចំណូលសរុប)។
ដោយឡែកចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩,៦ ប៊ីលានរៀល (ត្រូវជា ៤៧,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦,៩ ប៊ីលានរៀល (ត្រូវជា ២៦,៧% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ៦៨៣,៦ ប៊ីលានរៀល (ត្រូវជា ២០,៤% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨,៥ ប៊ីលានរៀល (ត្រូវជា ៥,៨% នៃចំណូលសរុប)៕ ដោយ៖សហការី