មានករណីផ្ទុះខ្លាំងៗធ្វើឱ្យកក្រើកទីក្រុង កៀវ ជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ី

ចែករំលែក៖

នៅក្នុងទីកៀវ នៃប្រទេសអ៊ុយក្រែនមានការផ្ទុះខ្លាំងៗ ជាច្រើនលើក ហើយរដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសថា ជាលទ្ធផលនៃការបាញ់ប្រហារតាមដែនអាកាសពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។
សារព័ត៌មាន Pravda Ukraine បានផ្សាយថា នៅថ្ងៃត្រង់ថ្ងៃទី ១៧ខែតុលា ទីក្រុងកៀវរងការវាយប្រហារដល់ទៅ៣លើក ដោយក្នុងនោះមានការផ្ទុះពីរលើកនៅមជ្ឈមណ្ឌល Shevchenkivskyi បណ្តាលឱ្យផ្ទះជាច្រើនខ្នងត្រូវឆាបឆេះ និងខូចខាត។
ចំណែកនៅយប់ថ្ងៃទី១៦ និងព្រឹកថ្ងៃទី១៧ ខែតុលា ក៏មានករណីផ្ទុះជាច្រើនលើកដែរនៅក្នុងទីក្រុង Mykolaiv, Dnipro និង Odessa។
ក្នុងពេលនេះដែរ ប្រទេសតំបន់អឺរ៉ុបក៏បានបង្កើនការផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន ប៉ុន្តែក៏ត្រូវបណ្តុះបណ្តាលទាហានអ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធទាំងនោះ។ ដូច្នេះអឺរ៉ុបក៏បានសម្រេចហ្វឹកហាត់កងទ័ពអ៊ុយក្រែនសរុប ១៥,០០០នាក់ ព្រមទាំងបន្ថែមថវិកាសម្រាប់ផ្គត់ផ្គង់សព្វាវុធផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប (EU) ត្រូវគេរំពឹងថា នឹងព្រមព្រៀងគ្នានៅថ្ងៃចន្ទនេះលើបេសកកម្មផ្តល់ការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែនចំនួន ១៥,០០០នាក់ ចាប់ពីខែក្រោយទៅ ព្រមទាំងថវិកា៥០០លានអឺរ៉ូ (៤៨៧លានដុល្លារអាមេរិក) សម្រាប់ឧបត្ថម្ភការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ។
មន្រ្តីជាន់ខ្ពស់ EU ពីររូបបានប្រាប់ថា ការហ្វឹកហាត់យោធាខាងលើនឹងចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ហើយនឹងប្រព្រឹត្តទៅលើទឹកដីរបស់សហភាពអឺរ៉ុប ក្នុងនោះមួយកន្លែងស្ថិតនៅប្រទេសប៉ូឡូញ និងមួយកន្លែងទៀតស្ថិតនៅប្រទេសអាល្លឺម៉ង់។ កន្លងមកនេះ សមាជិក EU មួយចំនួន គឺបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែនរួចជាស្រេចស្តីពីរបៀបប្រើប្រាស់សព្វាវុធផ្សេងៗ ហើយការបណ្តុះបណ្តាលនេះនឹងនៅតែបន្ត។
ក្រុមប្រមុខការទូត EU ក៏នឹងព្រមព្រៀងគ្នាផ្តល់ថវិកាបន្ថែមចំនួន ៥០០លានអឺរ៉ូ ទៅក្នុងកញ្ចប់មូលនិធិ សម្រាប់ឧបត្ថម្ភបណ្តារដ្ឋជាសមាជិក EU ក្នុងការដឹកជញ្ជូនសព្វាវុធជួយអ៊ុយក្រែនផងដែរ។ ប្រការនេះធ្វើឱ្យចំនួនថវិកាសរុបដែល EU បានផ្តល់សម្រាប់សព្វាវុធដល់ទីក្រុងកៀវ កើនលើស៣ពាន់លានអឺរ៉ូហើយ៕ ដោយធីរីណា

...

រូប​ថត​ :​ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print