ខេត្តបាត់ដំបង ៖ យុវជនជាកម្មករអូសរទេះម្នាក់ជនជាតិ ត្រូវបានតម្រួតថៃឃាត់ខ្លួនដែលមានមុខរបរជាកម្មករអូសរទេះនៅក្នុងច្រកតំបន់ភ្នំដី ស្រុកសំពៅលូនត្រូវបានតម្រួតថៃ កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចក្នុងផ្សារខៅឌីន លើទឹកដីថៃ ខណៈយុវជនរូបនេះកំពុងអូសរទេះចេញពីទឹកដីកម្ពុជា ឆ្លងចូលតាមច្រកតំបន់ភ្នំដី ឆ្ពោះទៅផ្សារខៅឌីន ប្រទេសថៃ ព្រោះបានឆែកឃើញមានលាក់ទុកថ្នាំញៀនជិត៤០០គ្រាប់។ ជនសង្ស័យដែលត្រូវតម្រួតថៃឃាត់ខ្លួនឈ្មោះ ង៉ែត សួន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពពីមន្រ្ដីព្រំដែនបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គឺទំនងជាភាគីថៃមានខ្សែបណ្ដាញយ៉ាងច្បាស់ ខណៈមានយុវជនម្នាក់ជាកម្មករអូសរទេះ បានអូសដឹកទំនិញឲ្យចេញពីស្រុកសំពៅលូនចូលទៅក្នុងទឹកដីថៃត្រង់ចំណុចផ្សារខៅឌីន ជាមួយនឹងអ្នកអូសរទេះជាច្រើននាក់។
លុះពេលឆ្លងចូលដល់ក្នុងទឹកដីថៃភ្លាម ក្រុមតម្រួតថៃជាច្រើននាក់បានដើរតម្រង់មកឃាត់ខ្លួនយុវជនរូបនេះឲ្យចូលទៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យ ដែលស្ថិតនៅក្បែរច្រកព្រំដែន ក៏បានរកឃើញគ្រឿងញៀនជាច្រើនដែលជនសង្ស័យបានលាក់ទុកជាប់នឹងខ្លួន ព្រមទាំងលុយបាតជាច្រើន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ តម្រួតថៃបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានតម្រួតស្រុកក្លងហាត ខេត្តស្រះកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែកគ្រឿងញៀន ដែលភាគីថៃដកហូតបានមានចំនួន៣៩៧គ្រាប់ និងប្រាក់បាតចំនួន២ ៤០០បាត៕