ពលរដ្ឋបារាំងជាង១សែននាក់បានចុះហត្ថលេខាលើលិខិតតវ៉ាមួយ ស្តីពីការបិទឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់បារាំងFrench Riviera ជាកន្លែងមានភ្ញៀវទេសចរណ៍យ៉ាងច្រើនចូលទៅលំហែកាយ ពេលនេះត្រូវបានបិទ មិនឲ្យចេញចូលទុកសម្រាប់ព្រះមហាក្សត្រ អារ៉ាប់Salman សម្រាកកាយនៅទីនោះ។
នៅក្នុងលិខិតតវ៉ាបានបញ្ចាក់ថា ឆ្នេរសមុទ្រសាធារណគឺបម្រើផលប្រយោជន៍របស់ពលរដ្ឋគ្រប់រូបមិនមានសម្រាប់បុគ្គលណាមួយនោះឡើយ។ មន្ត្រីសន្តិសុខបានបិទឆ្នេរសមុទ្រខាងលើតាំងពីថ្ងៃសៅរ៍កន្លងមកដើម្បីរារាំងក្រុមបាតុករចូលទៅគ្រប់គ្រងឆ្នេរសមុទ្រដែលព្រះមហាក្សត្រសាលម៉ែនទៅសម្រាកព្រះកាយនៅឯវិមានផ្ទាល់ខ្លួនរយពេល៣សប្តាហ៍នៅទីនោះ។ ព្រះមហាក្សត្រសាលម៉ែននិងអ្នកអមដំណើរប្រមាណ១០០០នាក់បានចូលដល់អាកាសយានដ្ឋានទីក្រុងNice កាលពីថ្ងៃសៅរ៍ដោយយន្តហោះប៊ូអ៊ិន៧៤៧ពីរគ្រឿង។
ក្នុងលិខិតតវ៉ាបានបញ្ចាក់ថា«តំបន់ធម្មជាតិ ដូចជាឆ្នេរសមុទ្រសាធារណដទៃទៀត ជាទ្រព្យសម្បត្តិរបស់ពលរដ្ឋបារាំងគ្រប់រូបក៏ដូចជាអ្នកទេសចរណ៍ដទៃទៀត ដែលចង់ទៅកម្សាន្តនៅទីនោះ។»
មន្ត្រីក្នុងតំបន់បានផ្ញើរលិខិតឡើងទៅកាន់ប្រធានាធិបតីបារាំងហ្វ្រាំងស័រហូឡង់ដើម្បីប្រឆាំងទៅនិងសកម្មភាពសាងសង់ខុសច្បាប់នៅទីនោះ គឺការសាងសង់វិមានជាបណ្តោះអាសន្នសម្រាប់ស្តេចអារ៉ាប់សម្រាករយ:ពេល៣សប្តាហ៍។នៅក្នុងលិខិតបានបញ្ចាក់ថា«យើងបានដឹងពីមូលហេតុសន្តិសុខនិងផលប្រយោជន៍ធំរបស់ជាតិ។ ប៉ុន្តែគ្មានអ្នកណាម្នាក់អាចបំពានលើច្បាប់ដីធ្លីរបស់បារាំងឡើយ»។
ក្រុមសន្តិសុខបារាំងបានបញ្ចាក់ថា ជញ្ជាំងបេតុងមានកម្រាស់ក្រាស់និងត្រូវយកចេញពីទីនោះវិញក្រោយពេលព្រះមហាក្សត្រអារ៉ាបយ៉ាងចេញពីសម្រាកព្រះកាយនៅទីនេះ៕
ពលរដ្ឋបារាំងប្រឆាំងទៅនឹងការបិទឆ្នេរសមុទ្រដើម្បីបម្រើស្តេចអារ៉ាប់
...