ព្រះមហាក្សត្រកម្ពុជា ទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋជូន លោក ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័ខាងកើត

ចែករំលែក៖

ភ្នំពេញ : តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ លោកបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុ​ជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋ និងប្រោសព្រះរាជទាន នូវព្រះរាជសវនាការដ៏វិសេសវិសាល ជូនឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូ ដែលប្រព្រឹត្តទៅនៅក្នុង​ព្រះទីនាំង​​ទេវាវិនិឆ្ឋ័យ ព្រះបរមរាជវាំង។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២ម្សិលមុិញនេះ លោក បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោក បណ្ឌិត Jose Ramos-Horta នឹងចូលក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ លោក ប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។

លោក បណ្ឌិត Jose Ramos-Horta នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅ
វិញទៅមកនៃប្រទេសទាំងពីរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print