ខេត្តពោធិ៍សាត់៖ រថយន្តក្រុមហ៊ុនរស្មីភ្នំពេញចំណុះ ៤៥កៅអី ដឹកអ្នកដំណើរបើកលឿនដូចហោះវាក់ជាមួយគោយន្តរ៉េចង្កូតបុករង្វង់មូលផ្តិលថ្មកែវ បណ្ដាលឱ្យខូចខាតទាំងរង្វង់មូល និងរថយន្តយ៉ាងដំណំ ប៉ុន្តែពុំមានមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែលុះព្រលឹងចុងសក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង០៩នាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលផ្តិលថ្មកែវ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញរថយន្ត១គ្រឿងម៉ាកគា ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-1743 ចំណុះ ៤៥កៅអី ដឹកអ្នកដំណើរពេញ របស់ក្រុមហ៊ុនរស្មីភ្នំពេញ (RPP) ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុ បានវាក់ជាមួយគោយន្តកន្រ្តៃ១គ្រឿងបើកឆ្លងផ្លូវក្នុងទិសដៅពីត្បូងមកជើង ធ្វើឱ្យរថយន្តបង្កជាន់ហ្រ្វាំងរ៉េចង្កូតទៅបុករង្វង់មូលពេញទំហឹង ប៉ុន្តែពុំមានមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែព្រលឹងព្រលាំងស្ទើរចេញពីខ្លួនប៉ុណ្ណោះ ចំណែកគោយន្តឃើញហេតុការណ៍បែបនេះក៏បើកគេចខ្លួនបាត់ស្រមោល ។
ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់បានឱ្យដឹងដែរថា ករណីនេះខាងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរបានសម្របសម្រួលជាមួយអាជ្ញាធរក្រុងសុខចិត្តជួលជុលការខូចខាតរង្វង់មូលឱ្យដូចដើមវិញចប់សព្វគ្រប់នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ ៕
ដោយ៖ ប៉ឹម ពិន