ខេត្តបាត់ដំបង ៖ នេះបើតាមព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី២០ តុលា ឆ្នំា២០២២នេះ ស្ថិតនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់មានករណីឃាតកម្មមួយកើតឡើង ក្រោយផ្ទុះជម្លោះដ៏ក្ដៅរោលរាលដែលផ្ដើមចេញពីខាងតួប្រុសមិនគោរពសន្យា តែយ៉ាងណាស្ត្រីជាជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗដែរ ។
ជនសង្ស័យឈ្មោះ នេត ចំប៉ី ភេទស្រី អាយុ៥៣ឆ្នាំ (ប្រពន្ធចុង) មានមុខរបរលក់នំបញ្ចុក រស់នៅកន្លែងកើតហេតុ ។ រីឯជនរងគ្រោះឈ្មោះ អាន់ វុធ ភេទប្រុសអាយុ៤៦ឆ្នាំ មានមុខរបរជាកម្មករសំណង់ រស់នៅក្នុងភូមិ-ឃុំជា មួយគ្នា។ របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះត្រូវរបួសត្រង់ពោះមួយកន្លែង និងស្នាមរលាកលើខ្លួន និងលើផ្ទៃមុខដោយសារភ្លើងឆេះ ដែលជនសង្ស័យប្រើកន្ត្រៃចាក់ និងចាក់ស្រោចអាល់ កុលរួចហើយដុតបន្ថែម ។
ស្ត្រីជាជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយកើត ហេតុ ។ បើតាមការសាកសួរបឋមស្ត្រីជាប្រពន្ធចុងរបស់ជនរងគ្រោះ ខណៈជនរងគ្រោះមានប្រពន្ធនិងកូននៅក្នុងភូមិជាមួយគ្នា ។
លោកអធិការស្រុកបាណន់បានបញ្ជាក់ថា បើតាមចម្លើយសារភាពជនសង្ស័យ មូលហេតុដែលនាំឲ្យចាក់សម្លាប់គូស្នេហ៍យ៉ាងឃោរឃៅបែបនេះ ដោយសារខ្លួនខឹងនឹងគូស្នេហ៏ដែលសន្យាថា «ព្រមជួយឧបត្ថម្ភប្រាក់មួយខែ១០ម៉ឺនរៀល តែជាសន្យាខ្យល់ ទើបខ្លួនខឹងហៅមកសួរនាំ រហូតមានការវាយតប់គ្នាក៏សម្រេចចិត្តសម្លាប់តែម្ដង»។
ការសារភាពរបស់ស្ត្រីដ៏កាចសាហាវ ឈ្មោះ នេត ចំប៉ី ដែលមន្ត្រីជំនាញបានសួរនាំ ក្រោយត្រូវឃាត់ខ្លួនភ្លាមៗ ហើយអ្នកលក់នំបញ្ចុករូបនេះបានប្រាប់សមត្ថកិច្ចថា គាត់និងជនរងគ្រោះដែលជាកម្មករសំណង់ មានទំនាក់ ទំនងស្នេហាលួចលាក់និងស៊ីជម្រៅជាមួយគ្នា រហូតមក ដល់ពេលនេះត្រូវគេដឹងពេញភូមិ មានរយៈពេលជិតពីរឆ្នាំកន្លងមកហើយបើទោះជាគាត់ដឹងថា ប្ដីហេងស៊យរូបនេះមានប្រពន្ធកូន និងរស់នៅក្នុងភូមិជាមួយគ្នាក្ដី ។
ស្ត្រីរូបនេះបានសារភាពប្រាប់សមត្ថកិច្ចទៀតថា គាត់និងជនរងគ្រោះតែងស្នាក់នៅជុំគ្នាពេលរាត្រីមិនសូវខក ខានទេ ហើយក៏តែងឈ្លោះប្រកែកគ្នាបែកផ្សែងជាញឹក ញាប់ដែរជាមួយខាងប្រពន្ធដើមគេ។ គាត់និយាយថា ពេលនៅស្រលាញ់គ្នាល្អូកល្អិន ប្ដីហេងស៊យរបស់គាត់បានសន្យាថា នឹងជួយផ្ដល់លុយកាក់ចិញ្ចឹមគាត់មួយខែ១០ម៉ឺនរៀល តែបាត់ឈឹងរហូត មិនគោរពការសន្យា ទើបគាត់ខឹងក៏ហៅមកសួរនាំម្ដង តែពេលមកដល់សួរនាំរឿងលុយកាក់ក៏កើតការឈ្លោះប្រកែកគ្នា ឈានដល់ការសម្លាប់តែម្ដង ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តធ្វើឃាតប្ដីហេងស៊យនេះ ស្ត្រីវ័យ៥៣ឆ្នាំរូបនេះបានប្រាប់ថា គាត់បានហៅជន រងគ្រោះមកជួបមុនពេលកើតហេតុ ខណៈគាត់ស្រវឹងឡើងជោកជាំទៅហើយ ។ ពេលមកដល់ផ្ទះ គាត់បានសួរនាំពីរឿងសន្យាផ្ដល់ប្រាក់មួយខែ១០ម៉ឺនរៀល តែមិនឃើញប្រាក់ ហើយខាងតួប្រុសប្រាប់ថា «អត់មាន»។ គាត់គិតថា ប្ដីហេងស៊យរូបនេះ មានគំនិតបោកប្រាស់គាត់ យកគាត់គ្រាន់តែត្រឹមសប្បាយលេងសើច ពេល នោះក៏មានការឈ្លោះប្រកែកគ្នា រហូតប្រតាយប្រតប់គ្នាពេញបន្ទប់ ។
ស្ត្រីរូបនេះបានបញ្ជាក់ថា ពេលនោះខាងប្រុសហាក់ ដូចជាប្រើកណ្ដាប់ដៃរាងធ្ងន់បន្តិចមកលើគាត់ ធ្វើឲ្យគាត់ក្ដៅក្រហាយក៏ស្ទុះទៅទាញកន្ត្រៃចាក់ត្រូវចំពោះក្បែរផ្សិតមួយកន្ត្រៃ ហើយទាញដបអាល់កុលចាក់ស្រោចបន្ថែម រួចដុតឆេះរោលរហូតស្លាប់តែម្ដង ។
អធិការស្រុកបាណន់ លោកបាន់ វ៉ាន់នី បាននិយាយថា ជនដៃដល់បានប្រើកន្ត្រៃចាក់ទៅលើជនរងគ្រោះ និងបានយកអាល់កុលចាក់ស្រោចរួចដុតបន្ថែមធ្វើឲ្យជនរងគ្រោះឆេះរលាកពេញខ្លួន និងលើផ្ទៃមុខ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនហើយពីបទប្រព្រឹត្តិអំពើឃាតកម្ម ហើយមន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី៕ ដោយ៖ សូរិយា