ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ ២០២២លោកគ្រូអ្នកគ្រូនៅវិទ្យាល័យទួលប្រាសាទសែនសុខបានធ្វើ កូដកម្មសំដែងនូវការមិនពេញចិត្ត និងស្នើដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំក្រសួងអប់រំដើម្បីផ្លាស់ប្ដូរនាយកសាលា លោក អ៊ំ សុកំ ចេញពីវិទ្យាល័យទួលប្រាសាទសែនសុខ។
គួរបញ្ជាក់ថា គ្រូបង្រៀននិងសិស្សានុសិស្សវិទ្យាល័យទួលប្រាសាទសែនសុខ រាជធានីភ្នំពេញ នាំគ្នាដាក់ញត្ដិប្តឹងទៅក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ ដើម្បីស្នើសុំឱ្យផ្លាស់ប្តូរនាយកសាលាវិទ្យាល័យទួលប្រាសាទសែនសុខ លោក អ៊ុំ សុកំ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងការចាត់ចែង ដឹកនាំបុគ្គលិកសិក្សា និងការចាយវាយថវិកាដោយគ្មានតម្លាភាព។
យោងតាមលិខិតមួយច្បាប់ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលអ្នកសារព័ត៌មានបានទទួលបានឱ្យដឹងថា លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ បានដាក់លិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីស្នើសុំឱ្យក្រសួងផ្លាស់ប្ដូរនាយកសាលារូបនេះចេញ។ យោងតាមលិខិតមាន៣ទំព័រ ដែលលោក គ្រូអ្នកគ្រូនៅសាលាវិទ្យាល័យទួលប្រាសាទសែនសុខបានប្តឹងទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែកញ្ញា បានលើកឡើងពីភាពមិនប្រក្រតីជាច្រើនចំណុចដែលក្នុងនោះរួមមាន ការមិនបង្ហាញតម្លាភាពក្នុងការចាយវាយថវិកាដំណើរការសាលារៀន (SOB) និងថវិកាគម្រោង (SIEP ឬ GIEP) ដែលប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ការបង្រៀន និងរៀន។
លិខិតគ្រូៗបន្តថា ការមិនប្រកាសពីតម្លាភាពថវិកាចំណូលដែលសាលាទទួលបានពីការដេញថ្លៃ ភាស៊ីកង់ និងតូបផ្សារ នៅក្នុងសាលារៀន,ការឃុបឃិតលាក់បុគ្គ លិកអសកម្ម ដែលមិនបានមកបំពេញការងារដោយប្រើពាក្យសម្ដីថាខ្លួនជាអ្នកមានឆន្ទានុសិទ្ធិ,ការអនុញ្ញាត ឱ្យកូនប្រុសរបស់ខ្លួនដែលគ្មានវិជ្ជាជីវៈជាគ្រូបង្រៀន មកបង្រៀនជំនួសបុគ្គលិកអសកម្ម ជាថ្នូរការបើកយកប្រាក់ បៀវត្សពីបុគ្គលិកដែលអសកម្មទាំងនោះ, ការតម្រូវឱ្យលោកគ្រូអ្នកគ្រូបង់ប្រាក់លើការបង់ថ្លៃជួលអ្នកយាមសាលា ១០០០០ រៀលក្នុងមួយខែ និងការចំណាយលើការធ្វើឯកសារផ្សេងៗ ដូចជា ការទិញសម្ភារៈសិក្សាដូចជា ហ្វឺត និងទឹកហ្វឺតជាដើម។
ក្រៅពីនេះ ក្នុងពាក្យបណ្តឹងនេះ ក៏បានលើកឡើងដែរថា សាលាបានទារប្រាក់ពីអាណាព្យាបាលសិស្សដែលសុំផ្ទេរការសិក្សា ការទារប្រាក់ពីការស្នើសុំដកសញ្ញាប័ត្រប្រឡង និងការកាត់យកប្រាក់ពីគណៈកម្មការមេ ប្រយោគពេលចេញបេសកម្មប្រឡង រួមទាំងការប្រើប្រាស់អំណាចគាប់សង្កត់ គំរាមកំហែង អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារបង្រៀនដល់សិស្សានុសិស្សជាដើម។
លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ បានថ្លែងឱ្យដឹងតាមរយៈលិខិតនេះទៀតថា «យើងខ្ញុំទាំងអស់គ្នា មានការមិនពេញចិត្តជាខ្លាំងចំពោះលោក អ៊ុំ សុកំ ដែលជាមនុស្សអសីលធម៌ដោយគាត់តែងដើរញុះញង់ លាបពណ៌ ឆ្កិះឆ្កៀល បំបែកបំបាក់សាមគ្គីផ្ទៃក្នុងនៅក្នុងអង្គភាព ខ្វះគុណធម៌ អាត្មានិយម ប្រកាន់បក្ខពួក នៅតែផ្ទះ មកធ្វើការមិន ដែលទៀងទាត់ឡើយ»។ គោលបំណងក្នុងលិខិតនេះ បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ដោយទទូចសុំឱ្យរដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ជួយត្រួតពិនិត្យ និងសម្រេចករណីខាងលើនេះ ជូនដល់លោកគ្រូអ្នកគ្រូ ដោយសារ លោកគ្រូអ្នកគ្រូនៅក្នុងគ្រឹះ ស្ថានអប់រំមួយនេះ មិនអាចធ្វើការងារក្រោមការគាប សង្កត់ផ្លូវចិត្តរបស់លោក អ៊ុំ សុកំ បន្ដទៀតបានឡើយ។
ពាក់ព័ន្ធនិងរឿងនេះ គ្រូបង្រៀននៅក្នុងវិទ្យាល័យទួលប្រាសាទសែនសុខ បានថ្លែងបន្ថែមដោយសុំមិនបញ្ចេញឈ្មោះថា ករណីនេះមានភាពអយុត្តិធម៌ខ្លាំងណាស់ចំពោះពួកលោក។ លោកបន្តថា កន្លងមកនាយកសាលារូបនេះ តែងតែកោះហៅគ្រូបង្រៀនណា ដែលមិនព្រមបង់លុយយាម និងបង្ខំសិស្សសាលាមួយចំនួន ឱ្យផ្ដិត មេដៃ ដើម្បីប្ដឹងគ្រូបង្រៀនវិញទៀតផង។ លោកថា លោកគ្រូអ្នកគ្រូដែលបង្រៀននៅក្នុងសាលារៀនមួយនេះ បានរងនូវការគំរាមកំហែងពីនាយកសាលានិងបានប្រើពាក្យអសុរសជាច្រើនទៀតមកលើលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សថែមទៀតផង។
លោកគ្រូបង្រៀនម្នាក់បានថ្លែងប្រាប់ដែរថា កន្លងមកនាយកសាលាតែងតែដើរគំរាមសិស្សណា ដែលមិនព្រមឱ្យលុយគាត់ បើទោះបីជាខាងក្រសួងអប់រំ មិនតម្រូវឱ្យយកក៏ដោយ។ លោកបន្ដថា«នាយកចឹងៗគ្មានសមជាមេដឹកនាំស្អីទេ ព្រោះអ្នកសកម្មបែរជាខុស អ្នកអសកម្មបែរជាត្រូវ និយាយរួមវាគ្មានតម្លាភាពហ្មង ដូច្នេះក្រសួងគួរគិតគូរដោះស្រាយឱ្យពួកខ្ញុំផង»។
មិនខុសគ្នានោះទេ លោកគ្រូបង្រៀនម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបានចាត់ទុកថា វាជាអំពើពុករលួយ បក្ខពួកនិយម ដែលមិនគួរកើតមានឡើយនៅក្នុងគ្រឹះស្ថានអប់រំរបស់រដ្ឋនោះទេ។ លោកបានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ចុះមកស៊ើបអង្កេត ឬធ្វើអធិការកិច្ចនៅក្នុងគ្រឹះស្ថានអប់រំមួយនេះជាបន្ទាន់ដើម្បីដឹងការពិត។ លោកថ្លែងយ៉ាងខ្លីថា៖«សុំក្រសួងមេត្ដាជួយដោះស្រាយបញ្ហាហ្នឹងផង ពួកខ្ញុំមិនពេញចិត្តនាយកសាលាចឹងទេ»។
គួរំលឹកជូនដែរថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) កោះហៅដើម្បីដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួន ដែលលោកបានប្រព្រឹត្ដទៅតាមបណ្ដឹងរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខផងដែរ។ ប៉ុន្ដែអង្គភាពប្រឆាំងអំពើពុករលួយ នៅមិនទាន់សម្រេចជាផ្លូវការយ៉ាងណាមួយនៅឡើយ ទើបលោកគ្រូអ្នកគ្រូសម្រេចប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលរបស់លោកគ្រូអ្នកគ្រូបន្ថែមទៀត។
ជុំវិញរឿងនេះ នាយកសាលាវិទ្យាល័យទួលប្រាសាទសែនសុខ លោក អ៊ុំ សុកំ បានឆ្លើយដោយបដិសេធទាំង ស្រុង ចំពោះការចោទប្រកាន់លើរូបលោកនេះ។ លោក អ៊ុំ សុកំ បានឆ្លើយបំភ្លឺយ៉ាងខ្លីថា រឿងរបស់លោក កំពុងស្ថិតនៅដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុក រលួយនៅឡើយ ដែលក្នុងសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបិទផ្សព្វផ្សាយនៅក្នុងសាលារៀនរួចហើយដែរ។
លោកនាយកបន្ដថា«ខ្ញុំបានឆ្លើយបំភ្លឺនៅACUហើយ ហើយបិទសេចក្ដីប្រកាសពេញសាលាតែពួកគាត់មិនមើល ហើយចេះតែដើរប្ដឹងខ្ញុំ វាអាចខូចកិត្ដិយសខ្ញុំដែរ»។ យ៉ាងណា នៅក្នុងលិខិតរបស់លោកគ្រូអ្នកគ្រូសាលាវិទ្យាល័យទួលប្រាសាទសែនសុខ បានគូស បញ្ជាក់បន្ថែមថា ពួកគាត់ក៏ធ្លាប់បានស្នើសុំឱ្យមានការបើកកិច្ចប្រជុំមួយ ដើម្បីសុំការបកស្រាយពីលោកនាយក អ៊ុំ សុកំ ទាក់ទងបញ្ហាមិនប្រក្រតីខាងលើនេះដែរ ក៏ប៉ុន្តែលោកបានបដិសេធ៕ ដោយ៖ សូរិយា