ដោយរងគំនាបយ៉ាងខ្លាំង នៅទីបំផុតលោកស្រី Liz Truss បានប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២០ខែតុលា ក្រោយការកាន់អំណាចបានរយៈពេល៤៥ថ្ងៃប៉ុណ្ណោះ ។ លោកស្រី Liz Truss ក្លាយជាមេដឹកនាំដែលបានអំណាចខ្លីជាងគេបំផុតនៅក្នុងប្រទេសអង់គ្លេស។
នៅពេលនេះដែរ គណបក្សអភិរក្សនិយមរបស់ចក្រភពអង់គ្លេសនឹងរៀបចំការបោះឆ្នោតជ្រើសតាំងមេដឹកនាំថ្មីរបស់ខ្លួន ដើម្បីកាន់តំណែងជំនួសលោកស្រី Liz Truss ដែលបានប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី។
ការសម្រេចលាលែងចេញពីតំណែងគឺដោយសារតែការខ្វែងគំនិតគ្នាខ្លាំងនៅក្នុងបក្សនាពេលបច្ចុប្បន្ន ដូច្នេះគេពិបាកក្នុងការសន្និដ្ឋានពីបេក្ខជនមានសក្ដានុពលជាងគេបំផុតដែលនឹងត្រូវដឹកនាំអង់គ្លេសហែលឆ្លងវិបត្តិសេដ្ឋកិច្ច។
នៅពេលនេះបេក្ខជនដែលមើលទៅមានភាពលេចធ្លោជាងគេនោះគឺលោក Rishi Sunak ។ លោក រីស៊ី ស៊ូណាក់ គឺជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ហើយលោកក៏ធ្លាប់បរាជ័យក្រោមថ្វីដៃរបស់លោកស្រី លីស ត្រាស់ផងដែរ។ លោក ស៊ូណាក់ មានអាយុ ៤២ឆ្នាំ ធ្លាប់បានព្រមានថា ផែនការកាត់បន្ថយពន្ធរបស់លោកស្រី ត្រាស់ អាចនឹងបង្កឱ្យមានអតិផរណា និងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគលើទីផ្សារនៅក្នុងចក្រភពអង់គ្លេស។
ការព្រមាននេះរបស់លោក ស៊ូណាក់ បានក្លាយជាការណ៍ពិត ហើយលោកក៏កំពុងទទួលបានការគាំទ្រពីសមាជិកសភាច្រើនគួរសមដែរនៅក្នុងបក្សអភិរក្សនិយម។ បើតាម ការស្ទង់មតិចេញផ្សាយដោយស្ថាប័ន YouGov លោក ស៊ូណាក់ ស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អប្រសើរមួយដែលត្រូវបានគេពឹងថាអាចនឹងជំនួសតំណែងលោកស្រី ត្រាស់។ ប៉ុន្តែសមាជិកបក្សអភិរក្សនិយមមួយចំនួនក៏មានការខឹងសម្បាចំពោះលោកស៊ូណាក់ដែរ បន្ទាប់ពីលោកបានលាលែងចេញពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុកាលពីខែកក្កដាកន្លងទៅ ជាហេតុជំរុញឱ្យរដ្ឋមន្ត្រីដទៃទៀតលាលែងពីតំណែងជាបន្តបន្ទាប់ រហូតដល់បង្ខំឱ្យលោក បូរីស ចនសុន ចុះចេញពីតំណែង។
ក្រៅពីនេះនៅមានបេក្ខភាពជាច្រើនទៀតដូចជា លោក បូរីស ចនសុន អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ។
លោក BEN WALLACE សព្វថ្ងៃកំពុងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ខណៈដែលចក្រភពអង់គ្លេសបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយអ៊ុយក្រែន ប្រយុទ្ធតតំាងជាមួយការឈ្លានពានរបស់រុស្ស៉ី។
លោកស្រី PENNY MORDAUNT មានអាយុ៤៩ឆ្នាំ លោកស្រីជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអ្នកគាំទ្រដ៏ខ្លាំងម្នាក់ដែលចង់ឱ្យចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។
លោកស្រី Suella Braverman ជាអតីតរដ្ឋមន្ត្រីមហាផ្ទៃ ដែលបានលាលែងចេញពីតំណែងមួយថ្ងៃ មុននឹងលោកស្រី Liz Truss ប្រកាសលាលែងចេញពីតំណែង។
គណបក្សអភិរក្សនិយមដែលមានសំឡេងភាគច្រើននៅក្នុងសភា គ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៨ ខែតុលានេះ ក្នុងការជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីទី៥នៃចក្រភពអង់គ្លេសក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ៕ ដោយធីរីណា
រូបថត :Vietnamnet