រុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីយកប្រៀបនៅក្នុងសង្គ្រាមអ៊ុយក្រែន ដោយបានបើកការវាយប្រហារទៅលើរោងចក្រអគ្គិសនីរបស់អ៊ុយក្រែន ក្នុងពេលរដូវរងាជិតមកដល់ ហើយអ៊ុយក្រែនត្រូវការអគ្គិសនីជាចាំបាច់នោះ។
ចាប់តាំងពីដើមខែតុលាមក កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលរាប់រយគ្រាប់ទៅលើទីតាំងយុទ្ធសាស្ត្ររបស់អ៊យក្រែន និងយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើគោលដៅជាច្រើនក្នុងរដ្ឋធានីកៀវផងដែរ ធ្វើឱ្យប្រព័ន្ធអគ្គិសនីរហូតដល់ទៅ៤០%នៅក្នុងប្រទេសអុយក្រែនត្រូវកាត់ផ្តាច់។
ក្នុងពេលនេះដែរទីក្រុងកៀវបានចោទប្រកាន់រុស្ស៊ីថា មានផែនការបំផ្លាញទំនប់វារីអគ្គិសនីនៅតំបន់ Khersonភាគខាងកើត ជាទីដែលទាហានអ៊ុយក្រែនកំពុងឈានទៅមុខជាលំដាប់ ហើយអាជ្ញាធរដែលទីក្រុងមូស្គូលើកបន្តុប បានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់នោះ។
នៅក្នុងសុន្ទរកថាមួយទៅកាន់មេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា កងកម្លាំងរុស្ស៊ីបានជីកយករ៉ែក្នុងវារីអគ្គិសនី Kakhovka ដោយមានចេតនាបំផ្ទុះវា ហើយប្រសិនបើពិតមែននោះ វានឹងក្លាយទៅជា «គ្រោះមហន្តរាយក្នុងទ្រង់ទ្រាយធំ»។
លោក ហ្សេលេនស្គី បានព្រមានថា មនុស្សរាប់សែននាក់នៅជុំវិញទន្លេឌីនីប្រូ (Dnipro) និងតំបន់ខាងក្រោមនឹងមានគ្រោះថ្នាក់ពីទឹកជំនន់យ៉ាងឆាប់រហ័ស ប្រសិនបើទំនប់នេះត្រូវបានបំផ្លាញ។ រីឯការផ្តាច់ការផ្គត់ផ្គង់ទឹកទៅភាគខាងត្បូង ក៏អាចប៉ះពាល់ដល់ប្រព័ន្ធរោងចក្រថាមពលបរមាណូ Zaporizhzhia ដែលជារោងចក្រដ៏ធំបំផុតរបស់តំបន់អឺរ៉ុបផងដែរ ហើយប្រឡាយគ្រីមៀខាងជើងដែលផ្តល់ការផ្គត់ផ្គង់ទឹកដ៏សំខាន់ដល់តំបន់គ្រីមៀអាចនឹងត្រូវបំផ្លាញចោល។
បើតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhailo Podolyak), គោលដៅរបស់រុស្ស៊ីគឺដើម្បីបញ្ឈប់ការឈានទៅមុខរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ខាងលើនេះ និងការពារទាហានរុស្ស៊ី៕ ដោយធីរីណា
រូបថត :hanoitv.vn