ប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុប លោក Charles Michel បានឱ្យដឹងថា ថ្នាក់ដឹកនាំអឺរ៉ុបបានព្រមព្រៀងគ្នាពីថាមពល ប៉ុន្តែមិនទាន់ព្រមព្រៀងគ្នាស្តីពីការកំណត់តម្លៃថាមពលនោះឡើយ។
នៅថ្ងៃទី២១ខែតុលា ក្រុមប្រឹក្សា អឺរ៉ុបបានសម្រេចលើវិធានការ ទប់ស្កាត់តម្លៃថាមពលឡើងថ្លៃ តែមិនអាចកំណត់តម្លៃនៅពេលនេះដែរ។ ថ្នាក់ដឹកនាំអឺរ៉ុបទាំង ២៧ប្រទេសបានជួបប្រជុំគ្នារយៈពេល២ថ្ងៃនៅក្នុងទីក្រុង Brussels ដើម្បីផ្សះផ្សាររវាងបណ្តាប្រទេសសម្រាប់ស្វែងរកសំឡេងរួមគ្នាមួយទប់ស្កាត់វិបត្តិថាមពលនៅអឺរ៉ុប។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២បានផ្សាយថា មេដឹកនាំរបស់ប្រទេសទាំង២៧នៃប្លុកនេះបានបញ្ចប់កិច្ចប្រជុំកំពូលលើកទីពីររបស់ខ្លួន ជាមួយនឹងការប្រកាសអំពី «ផែនទីបង្ហាញផ្លូវ» ឆ្ពោះទៅវិធានការកាត់បន្ថយវិបត្តិថាមពលដែលបានកើនឡើងដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះយ៉ាងដូច្នេះថា «ឥឡូវនេះយើងមានផែនទីបង្ហាញផ្លូវដ៏ល្អ និងរឹងមាំដើម្បីបន្តធ្វើការលើប្រធានបទតម្លៃថាមពល»។
ចំណែកប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា «មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងជាឯកច្ឆន្ទ ដើម្បីធ្វើសកម្មភាពរួមគ្នាក្នុងនាមជាអឺរ៉ុប ដើម្បីសម្រេចបាននូវគោលដៅចំនួនបី គឺការបញ្ចុះតម្លៃ ការធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ និងការបន្តធ្វើការដើម្បីកាត់បន្ថយតម្រូវការ»។
ទោះបីជាយ៉ាងនេះក្តី ក៏នៅមិនទាន់មានការកំណត់ថាតើពេលវេលាណា ទើបការសម្រេចលើការកំណត់តម្លៃថាមពលត្រូវបានធ្វើឡើងនោះទេ ដោយរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបគ្រោងជួបប្រជុំនៅប្រទេសលុច្សហ្សំបួរ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាបន្ថែមទៀត៕ ដោយធីរីណា
រូបថត : vtc.vn