ខេត្តបន្ទាយមានជ័យ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជេីញពិនិត្យទីតាំងត្រៀមចែកពូជស្រូវជូនប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានមានប្រសាសន៍ថា សម្រាប់ទីតាំងប្រារព្ធពិធីនៅខេត្តបន្ទាយមានជ័យនេះ មានប្រជាពលរដ្ឋ៥២២៤គ្រួសារ ដែលនឹងត្រូវទទួលនូវស្បៀងសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល ក្នុងនោះពូជស្រូវ ប្រមាណ៩០០តោន និងគ្រឿងឧបភោគបរិភោគផ្សេងៗ ត្រូវបានរៀបចំទុកដាក់រួចរាល់ហើយ។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងបន្តថា សម្រាប់ទីតាំងនៅខេត្តបាត់ដំបងវិញ កម្លាំងកងទ័ពជាង៣០០នាក់ កំពុងមមាញឹកក្នុងការរៀបចំដោយក្នុងនោះ មានពូជស្រូវចំនួន១,១០០តោន ដែលត្រៀមចែកជូនប្រជាពលរដ្ឋ។ លោកបន្ដថា ការរៀបចំនៅខេត្តបាត់ដំបង នឹងត្រូវធ្វើឲ្យបានរួចរាល់នៅយប់នេះតែម្ដង។
សូមជម្រាបថា កាលពីរសៀលថ្ងៃដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បេសកកម្មថ្ងៃទីមួយដោះស្រាយបញ្ហានៅខេត្តសៀមរាបផង និងខេត្តកំពង់ធំផងព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត។ សម្ដេចតេជោ បានថ្លែងបន្តថា បន្តិចទៀតជួបមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ នៅខេត្តសៀមរាប។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀមរាប បន្ទាយមានជ័យ
បាត់ដំបងនិងពោធិ៍សាត់ដោយប្រើពេល៥ថ្ងៃ៤យប់៕ដោយ៖ស តារា