យុវជនម្នាក់ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នជ្រុលបុករថយន្តកំពុងបត់ឆ្លងផ្លូវដួលបោកក្បាលនឹងចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់មួយរំពេច

ចែករំលែក៖

     ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងវ៉ាជែងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត toyota prius បត់ឆ្លងផ្លូវបញ្ឆិតផ្នែកខាងមុខ ដួលបោកនឹងចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ១០ និង៣០ នាទីយប់ថ្ងៃទី២១ ខែតុលាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខបុរីពិភពថ្មីតាមបណ្តោយផ្លូវ ២៨គ្រួសារក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     សពជនរងគ្រោះ ឈ្មោះ ដេត ភេទប្រុសអាយុ១៧ ឆ្នាំមុខរបរធ្វើការនៅតារាងបាល់ មួយកន្លែងម្ដុំវត្តសំរោងអណ្ដែត ស្នាក់នៅកន្លែងកើតហេតុខាងលើ ជាកូនកំព្រា។

     យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់បើករថយន្តtoyota priusមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-0517 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨គ្រួសារទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្លងផ្លូវ ចូលទៅផ្លូវលំមួយកន្លែងទៀតលុះបត់ជិតចូលផ្លូវទៅហើយ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC-125 ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FX-0093 ជិះដោយយុវជនម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នាបានវ៉ាជែងម៉ូតូកង់បីមួយគ្រឿងមកខាងឆ្វេងដៃ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តបញ្ឆិតខាងមុខផ្នែកខាងឆ្វេងបណ្ដាលឲ្យដួលបោកនឹងចិញ្ចើមផ្លូវស្លាប់នៅនឹងកន្លែងកើតហេតុ។

     ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តរួចបញ្ជូនមកប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

        

ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print