ខេត្តសៀមរាប៖ ស្រ្តីទេសចរណ៍ជនជាតិអាមេរិកកាំងម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារស្រវឹងស្រាធ្លាក់ពីលើសណ្ឋាគារជាន់ទី២ យីហោ FUNKYFLASH PACKER និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យអន្ដរជាតិ Royal Angkor ខេត្ដសៀមរាប ។
ហេតុការបង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាបនោះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារ FUNKYFLASH PACKER ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ប្រភពពីសាក្សីបានឲ្យដឹងថា ស្ដ្រីបរទេសរូបបានផឹកស្រវឹងតាំងពីយប់ រួចហើយនៅម៉ោងកើតហេតុខាងលើស្រាប់តែអង្គុយក្បែមាត់បង្អួចនៃសណ្ឋាគារនោះ មិនបានប្រុងប្រយ័ត្នស្របពេលដែលខ្លួនមានអាការៈស្រវឹងស្រាផងនោះទើបធ្លាក់មកដីបណ្ដាលឲ្យរបួសធ្ងន់តែម្ដង។
មន្ដ្រីកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Worthy Rachel Marie ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍។
ប្រភពបានបន្តថា មូលហេតុដែលស្ត្រីជនជាតិអាមេរិកម្នាក់នោះបានធ្លាក់ពីលើសណ្ឋាគារនៅជាន់ទី២ ដោយសារស្ត្រីរូបនេះបានផឹកស្រា ស្រវឹង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនភ្លាមៗតាមរថយន្តសង្គ្រោះ វ៉េង វុឌ្ឍី យកទៅមន្ទីរពេទ្យ Royal Angkor International មកដល់ម៉ោងជាង២រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយ។ បើតាមសម្តីរបស់គ្រូពេទ្យ ប្រហែលសង្ឍឹមរស់តិចណាស់ដោយសាររងរបួសធ្ងន់៕
ដោយ៖ជានិរន្ដរ៍