ខេត្តកំពង់ឆ្នាំង៖ ទារិការម្នាក់ដែលបានស្លាប់បាត់ទៅហើយនោះត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញ នៅក្នុងការ៉ុងចងជិត នៅចំណុចទំនប់២០ឧសភា ស្ថិតនៅក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋនៅនឹងកន្លែងបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ប្រជាពលរដ្ឋម្នាក់ដែលជាអ្នកឃ្វាលក្របីបានប្រទះឃើញមានមនុស្សប្រុស២នាក់បានកាន់ការ៉ុងនេះ មកទម្លាក់ចោលនៅក្បែរព្រៃលិចទឹក នៅកចំណុចទំនប់២០ឧសភានេះ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍នោះទេ លុះដល់ព្រឹកថ្ងៃទី២៣ ខែឧសភា មានប្រជាពលរដ្ឋទៅបើកមើលក៏ប្រទះឃើញសពទារិការនេះនៅក្នុងការ៉ុង ដោយគេយករុំជាមួយនិងសារ៉ុង ។ ក្រោយពីឃើញហេតុការណ៍នេះ ប្រជាពលរដ្ឋនៅមូលដ្ឋាននេះបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្នុងពេលពិនិត្យសព សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា សពទារិការនេះមានអាយុប្រមាណ២ទៅ៣ថ្ងៃ គឺគេអាចកើតនៅក្នុងមណ្ឌលសុខភាព ឬពេទ្យឯកជនណាមួយព្រោះនៅលើផ្ចិត មានកៅស៊ូចងទងផ្ចិតរបស់ពេទ្យមិនទាន់ជ្រុះផង ហើយករណីនេះសពទារិការបានស្លាប់ហើមប៉ោងទៅហើយ ដែលពិបាកក្នុងការធ្វើការសន្និដ្ឋានថា តើការស្លាប់របស់ទារិការនេះដោយមូលហេតុអ្វីនោះទេ ដែលពេលនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវជាបន្តទៀត ។
ករណីនេះប្រជាពលរដ្ឋបានសំដែងនូវការអាណិតអាសូរយ៉ាងខ្លាំង ហើយនឹងរង់ចាំពន្លឺ ថាការស្លាប់របស់ទារិការនេះ មូលហេតុអ្វីឲ្យពិតប្រាកដ៕
ដោយ៖ ចន្ថា