ប្រធានាធិបតីចិនទទួលបានទំនុកចិត្តខ្ពស់ពីបក្សបន្តគាំទ្រឱ្យធ្វើជាប្រធានាធិបតីដឹកនាំប្រទេសមួយអាណត្តិ៥ឆ្នាំទៀត ។ ក្នុងពេលនេះដែរប្រធានាធិបតីស៊ី ជីនពីង បានប្រកាសពីក្រុមស្នូលនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលនឹងជួយលោកគ្រប់គ្រងប្រទេសសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខទៀត។
នៅមុនពេលបញ្ចប់មហាសន្និបាតបក្សកុម្មុយនីស្តចិន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សកុម្មុយនីស្ដចិន សម្រាប់អាណត្តិទី៣នៅថ្ងៃទី២៣ខែតុលា(ពេលវេលានៅប្រទេសចិន) ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពលធំបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក។
មហាសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០ត្រូវបានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីប្រតិភូបក្សជាង២,៣០០នាក់មកពីទូទាំងប្រទេសជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលៗរបស់បក្សចាយពេលជាងមួយសប្ដាហ៍។ ក្រៅតែពីការប្រកាសតែងតាំងលោក ស៊ី ជីនពីង ជាអគ្គលេខាធិការបក្ស ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ចំនួន២០៥នាក់ផងដែរ ដែលនឹងដឹកនាំគណបក្សរយៈពេល៥ឆ្នាំបន្ត និងសុទ្ធសឹងតែជាមនុស្សស្មោះស្ម័គ្រជាមួយលោក ស៊ី ជីនពីង ព្រមទាំងសមាជិកគណៈកម្មាធិការ អចិន្រៃ្តយ៍ការិយាល័យនយោបាយ (Politburo Standing Committee) ជាស្ថាប័នកំពូលបំផុតរបស់ចិនដែលមានសិទ្ធិសម្រេចលើកិច្ចការជាតិនិងដឹកនាំប្រទេស។
ប្រធានាធិបតីចិនបានតែងតាំង អ្នកនយោបាយមានអំណាចធំបំផុតនៅក្នុងប្រទេសចិនដែលមាន៧រូប រួមទាំងប្រធានាធិបតីស៊ី ជីនពីងមានដូចជា៖
១. លោក ស៊ី ជីនពីង មានអាយុ ៦៩ឆ្នាំ៖ ជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សកុម្មុយនីស្ដ។ ការធានាបាននូវតំណែងជាអគ្គលេខាធិការបក្សគឺមានន័យថាលោក ស៊ី ជីន
ពីងនឹងបន្តជាធ្វើប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ឬអាចអស់មួយជីវិត ក្រោយការលុបចោលការកំណត់អណត្តិ ប្រធានាធិបតីត្រឹម២អាណត្តិ។ តំណែងជាប្រធានាធិបតីរបស់លោក ស៊ី ជិនពីង ត្រូវបានប្រកាសជាផ្លូវការនៅក្នុងសម័យប្រជុំសភាប្រជាជនចិន នៅខែមីនា ឆ្នាំ២០២៣។
២. លោក លី ជាំង (Li Qiang) មានអាយុ៦៣ឆ្នាំ៖ ជាលេខាធិការបក្សកម្មុយនីស្ដចិនប្រចាំទីក្រុងសៀងហៃ ត្រូវបានគេរំពឹងខ្ពស់ថានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ចិន ជំនួសលោក លី ខឺជាំង (Li Keqiang) ដែលនឹងត្រូវលាលែងពីតំណែងនៅខែមីនាឆ្នាំ២០២៣។ តំណែងជានាយករដ្ឋមន្ត្រី គឺជាតំណែងខ្ពស់បំផុតលំដាប់ទី២ បន្ទាប់ពីលោកប្រធានាធិបតី ស៊ី
ជីនពីង។
៣. លោក ចៅ លេជី (Zhao Leji) មានអាយុ៦៥ឆ្នាំ៖ បច្ចុប្បន្នគឺជាប្រមុខអង្គភាពប្រឆាំងអំពើពុករលួយរបស់គណបក្សកុម្មុយនីស្ដចិន និងត្រូវបានគេរំពឹងដែរថា នឹងត្រូវបានតែងតាំងជាប្រធានសភាជាតិប្រជាជនចិន។
៤. លោក វ៉ាង ហ៊ូនីង (Wang Huning) មានអាយុ៦៧ឆ្នាំ៖ គឺជាអ្នករៀបចំ និងតាក់តែងគោលនយោបាយសម្រាប់លោក ស៊ី ជីនពីង ព្រមទាំងអតីតប្រធានាធិបតីចិន ទាំង២ គឺលោក ហ៊ូ ជិនតាវ (Hu Jintao) និងលោក ជាំង សេមីន (Jiang Zemin)
៥. លោក កៃ ជី (Cai Qi)មានអាយុ ៦៦ឆ្នាំ៖ គឺជាលេខាធិការបក្សកុម្មុយនីស្ដចិនប្រចាំទីក្រុងប៉េកាំង និងជាមនុស្សជំនិតម្នាក់ នៅពេលដែលលោក ស៊ី ជីនពីង នៅបំពេញការងារក្នុងខេត្តហ្វូជាំង។ លោក កៃ នេះឯងជាអ្នកដឹកនាំ និងត្រួតពិនិត្យកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង។
៦. លោក លី ស៊ី (Li Xi) មានអាយុ ៦៦ឆ្នាំ៖ បច្ចុប្បន្នជាប្រមុខក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃគណបក្សកុម្មុយនីស្ដចិន នៃខេត្តក្វាងទុង (Guangdong)
៧. លោក តីង សេសៀង (Ding Xuexiang) មានអាយុ៦០ឆ្នាំ៖ ជានាយខុទ្ទការល័យរបស់លោក ស៊ី ជីនពីង។
លោក Li Qiang, Cai Qi, Li Xi និងលោក Ding Xuexiang ជាសមាជិកថ្មីនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ រីឯនៅសល់ជាសមាជិកចាស់៕ ដោយធីរីណា
រូបថត : Tienphong.vn