ខេត្តកំពង់ធំ : នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២១៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈលោកទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការពិការនៅ ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាលោក អ៊ុល យឺន ភេទប្រុស មានឋានន្តរសក្តិវរសេនីយ៍ត្រី អាយុ ៦១ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨២ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការឆ្នាំ១៩៨៣ ពេលដែលប្រយុទ្ធនៅសមរភូមិ តំបន់វាលក្រោម ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថាផ្ទះថ្មីដែលបានសាងសង់ ប្រគល់ជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២១៨ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុនរ៉ានីហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក។
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។
លោកវរសេនីយ៍ត្រី អ៊ុល យឺន អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ៕
ដោយ : សហការី