ខេត្តស្ទឹងត្រែង៖ អាជីវករជាច្រើននាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីធ្វើការតវ៉ានិងទាមទារឲ្យម្ចាស់វិនិយោគផ្សារ ឧកញ៉ា សា លាង ចេញមុខមកទទួលស្គាល់ពីសំណងដែលគាត់ធ្លាប់បានសន្យាពីមុខមកចំពោះការខូចខាតនិងខាតបង់របស់បងប្អូនអាជីវករ។ ការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។
អ្នកស្រីជាអាជីវករម្នាក់ដែលគេដឹងថាជាភរិយាលោកចៅសង្កាត់ស្ទឹងត្រែង បានលើកឡើងថា ការទាមទាររបស់ពួកគាត់គឺចង់ឲ្យម្ចាស់វិនិយោគផ្សារឧកញ៉ា សា លាង មកចេញមុខសំណងការខូចខាតដល់អាជីវករ ពាក់ព័ន្ធទៅនិងអគ្គិភ័យឆាបឆេះអស់ទាំងស្រុងកាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅ។ អ្នកស្រីបន្តថា ពួកគាត់ទាំងអស់គ្នាបានទទួលយកពីការលើកឡើងរបស់អាជ្ញាធរខេត្ត ក្នុងនោះមានឧកញ៉ា សា លាង ជាអ្នកវិនិយោគផ្សារធ្លាប់អះអាងថាជួយចេញសំណងការខូចខាត។ ផ្ទុយមកវិញមកដល់បច្ចុប្បន្នពុំមានអាជីវករណាមួយទទួលបានដូចការលើកឡើងពីម្ចាស់វិនិយោគផ្សារនៅឡើយទេ គឺក្នុងនោះតូបរបស់ពួកគាត់មានទាំងអស់១២២០តូបផងដែរ ដូច្នេះសូមឲ្យឧកញ៉ា សា លាង ដែលអាជីវករពុំធ្លាប់ដែលឮឈ្មោះ និងមិនស្គាល់មុខ មេតាចេញមកដោះស្រាយជាមួយបងប្អូនអាជីវករ៕
ដោយ៖ មាស សុផាត