ភ្នំពេញ : សេចក្ដីថ្លែងការណ៍ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រេវក្រោធយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានពីខ្លីប វីដេអូដែលជនក្បត់ជាតិ សម រង្ស៊ី បានផ្សព្វផ្សាយ ក្នុងនោះទណ្ឌិតក្បត់ជាតិនេះ បានប្រមាថយ៉ាងងងើលចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ ដោយជនក្បត់ជាតិនេះ បាននិយាយថា “ស្តេច សព្វថ្ងៃនេះ អត់មានមនសិការជាតិ តែបន្ដិចក៏អត់ដែរ និងបានចោទទៀតថា “…ស្ដេចសព្វថ្ងៃក្បត់ជាតិ…”។ល។
វីដេអូខ្លីបនេះ បានបញ្ជាក់ច្បាស់ថា ជនក្បត់ជាតិ សម រង្ស៊ី បានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះ មាត្រា៧ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ“ ហើយក៏ល្មើសនឹង មាត្រា៤៣៧(ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ផងដែរ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការ ប្រមាថ និងការចោទប្រកាន់ដ៏គួរឱ្យស្អប់ខ្ពើមបំផុត ម្ដងហើយម្ដងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទាមទារដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មានអយ្យការ អមតុលាការគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងប្ដឹងទៅតុលាការដើម្បីចាប់ជនក្បត់ជាតិ សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញាបន្ត ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្កពិសេសការពារអង្គព្រះមហាក្សត្រជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត ៕
ដោយ : សិលា