ខេត្តពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ហាក់បីដូចជាមិនបន្ធូរបន្ថយទៀតទេ បានប្រកាសឲ្យសមាជិកគណបក្សដែលមានជាប់ពាក់ព័ន្ធជាមួយនឹង សម រង្ស៊ី ឲ្យផ្ដាច់ខ្លួនចេញពីគណបក្សមួយនេះ ដោយថាមិនអាចឲ្យមាន «គណបក្សក្បត់ជាតិ» នោះទេ។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនាន់ប្រមាណ ៥០០០នាក់នៅក្នុងខេត្តពោធិ៍សាត់ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «អ្នកទាំងឡាយដែលបានផ្សារភ្ជាប់ខ្លួនជាមួយនឹងគណបក្ស ដែលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រនេះ គួរតែចាកចេញផ្ដាច់ខ្លួនចេញអំពីក្រុមជនក្បត់ជាតិនេះ។ បើមិនដូច្នោះអ្នកអាចរោងទទួលនូវផលវិបាកផ្សេងៗនេះមិនមែនជាការគំរាមកំហែងនោះទេក៏ប៉ុន្តែនេះជារឿងពិត។ នៅក្នុងប្រទេសមួយមិនអាចអនុញ្ញាតឲ្យមានបក្សក្បត់ជាតិបាននោះទេ»។
ទោះជាយ៉ាងណានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុនសែន មិនបានបញ្ចេញឈ្មោះគណបក្សនោះទេ។ តែមហាជនសង្ស័យថាជាគណបក្សភ្លើងទៀនដែលធ្លាប់ជាអតីតបក្ស សម រង្ស៉ី របស់លោក សម រង្ស៉ី មើល៍ទៅ។
ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួងស្ថាប័ននានាផងដែរ ខណៈទង្វើជនក្បត់ជាតិ៣ ជំនាន់ ទណ្ឌិត សម រង្ស៊ី កាន់តែបែកឆ្វេង បំពានច្បាប់ធ្ងន់ធ្ងរ ដែលមិនអាចអោយប្រជាពលរដ្ឋ ទូទាំងផ្ទៃប្រទេស ទទួលយកបាន នូវសំដីដ៏ល្ងង់ខ្លៅរបស់ជនក្បត់ជាតិនេះបានឡើយ ៕
ដោយ : សហការី