នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងនូវការអបអរសាទរចំពោះនាយនគរបាល ដែលត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យតែងតាំងមុខតំណែង តាមសំណើរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានបន្តថា ប្រធាននាយកដ្ឋានដែលទើបប្រកាសចូលកាន់តំណែងនេះ ត្រូវពង្រឹងលើភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលប្រគល់ជូន និងរក្សាសាមគ្គីភាពផ្ទៃក្នុង សំដៅចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាប និងរក្សាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ដល់កម្លាំងនគរបាលចរាចរណ៍ ត្រូវពង្រឹងរបៀបរបបធ្វើការ អាប្បកិរិយាល្អស័ក្តិសមជាកងកម្លាំងអនុវត្តច្បាប់, ពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសចិញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ, ពង្រឹងសមត្ថភាពមន្ដ្រីនគរបាលចរាចរណ៍ ដោយបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល, ហាមដាច់ខាតការប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់នាយកមន្ទីរប្រឆាំងគ្រឿងញៀនថ្មី និងកម្លាំងទាំងអស់ហាមដាច់ខាតបង្ក្រាបករណីគ្រឿងញៀនតូចតាច ពោលគឺត្រូវបង្ក្រាបបទល្មើសធំៗ ដោយសារតែយើងជាកម្លាំងរបស់មន្ទីរជាកម្លាំងថ្នាក់ជាតិ។ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរដល់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមកបានខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ទន្ទឹមនោះក៏ត្រូវរក្សាឲ្យបាននូវចំណុចល្អៗ ជៀសវាងនូវបាតុភាពអសកម្មផ្សេងៗដែលអាចកើតមាន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំចំនួន ៥ចំណុច ដល់កងកម្លាំងទាំងអស់យកទៅអនុវត្តរួមមាន៖
ទី១៖ ពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ
ទី២៖ អនុវត្តផែនការការពារជាក់ស្ដែង ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២
ទី៣៖ គ្រប់រាជធានី-ខេត្ត ត្រូវបង្កើន និងពង្រឹងសន្ដិសុខ សុវត្ថិភាពចាប់ពីពេលនេះតទៅ រហូតដល់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
ទី៤៖ ពង្រឹងសមត្ថភាពមន្ដ្រីតាមរយៈការបណ្ដុះបណ្ដាល, ពង្រឹងអាកប្បកិរិយា ឥរិយាបថ ទន់ភ្លន់ តែម៉ឺងម៉ាត់
ទី៥៖ គ្រប់នាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងតាមដានព័ត៌មានតាមបណ្តាញសង្គម យកចិត្តទុកដាក់ចំពោះការលើកសរសើរ និងការតិះតៀនពីប្រជាពលរដ្ឋ។

ចុងក្រោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់ប្រធាននាយកដ្ឋាន ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវពង្រឹងទំនាក់ទំនង សាមគ្គីភាពជាមួយបណ្ដានាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារបានជោគជ័យ។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ រួមមាន៖
ទី១៖ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅជាប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ទី២៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងគ្រឿងញៀន ជំនួស ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print