ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបយ៉ាងលឿនដល់ផ្លូវបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកឆ្លងផ្លូវចំពីមុខពេញទំហឹង បណ្តាលរថយន្តនោះប៉ើងទៅបុកចូលផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ៣៣៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ្វដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ប. មានជ័យ 2D-1811 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៣៥ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនបម្រុងនឹងបើកឆ្លងផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BE-1025 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនមិនបង្អង់បានជ្រុលទៅបុករថយន្តម៉ាកហ្វដដែលកំពុងបើកឆ្លងផ្លូវត្រូវផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹងប៉ើងខ្ទាតទៅបុកទម្លុះទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឱ្យភាគីទាំងសងខាងសម្រួលគ្នា ដោយភាគីទាំងពីរព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន រួចចេញថ្លៃជួសជុលផ្ទះប្រជាពលរដ្ឋដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ជ្រោយពេជ្រ