ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២២ នេះគណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍មួយដោយថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហា ក្សត្រ ហើយក៏បានបញ្ជាក់ថា គណបក្សរបស់ខ្លួន មិនមានទំនាក់ទំនងជាមួយទណ្ឌិត សម រង្ស៊ី នោះដែរ។
ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនារីរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យមេដឹកនាំគណបក្សភ្លើងទៀន ចេញមុខបកស្រាយករណីលោក សម រង្ស៊ី ដែលជាទណ្ឌិត ប្រមាថអង្គព្រះមហាក្សត្រ តើជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ?
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី២៧ ខែតុលានេះ គណបក្សភ្លើងទៀន បានបញ្ជាក់នូវជំហររបស់ខ្លួនថា គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សភ្លើងទៀន បានថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នេះគណបក្សភ្លើងទៀន ក៏បានបញ្ជាក់ដែរថា គណបក្សខ្លួនគោរពនិងអនុវត្ត យ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណា ចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ គណបក្សនេះ ក៏បានបញ្ជាក់ដែរថា ខ្លួនបានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនក៏បានប្រកាសបដិសេធថា មិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះដែរ។
ក្រៅពីគណបក្សភ្លើងទៀនក៏មានគណបក្សនយោបាយជាច្រើន ចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោល ទោសយ៉ាងដាច់អហង្ការបំផុតចំពោះ សម រង្ស៊ី ដែលជាទណ្ឌិត និងជាជនក្បត់ជាតិ ដែលបានបន្តប្រមាថព្រះ ចេស្ដាអង្គព្រះមហាក្សត្រ ហើយស្នើឲ្យស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការទៅលើបុគ្គលនេះផងដែរ។
ការចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់នេះ ក្រោយពីលោក សម រង្ស៊ី តាមរយៈឃ្លីបវីដេអូនាពេលថ្មីៗនេះ បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្រ្ដខ្មែរថា «ស្ដេចសព្វថ្ងៃនេះ អត់មានមនសិកាជាតិ តែបន្តិចក៏អត់ដែរ និងបានចោទទៀតថា…ស្ដេចសព្វថ្ងៃក្បត់ជាតិ…»។
កាលពីថ្ងៃទី២៤ ខែតុលា គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់ អហង្ការបំផុតចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្ដងហើយម្ដងទៀត របស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
គណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ២៤ ខែតុលានោះដែរ បានលើក ឡើងថា ការកាត់ទោសទណ្ឌិត សម រង្ស៉ី នាពេលថ្មីៗនេះគឺជារឿងត្រឹមត្រូវ ព្រោះបុគ្គលនេះបានប្រព្រឹត្តនូវទង្វើខុស ច្បាប់ជារឿយៗ ពោលគឺតែងតែរិះគន់ប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់អង្គព្រះមហាក្សត្រ ដែលជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
រីឯគណបក្សយុវជនកម្ពុជាឯណោះវិញបានសម្ដែងការសោកស្ដាយបំផុត ដែលលោក សម រង្ស៊ី បានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឲ្យមាននយោបាយហិង្សាកើតក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត ទណ្ឌិតរូបនេះ បាននឹងបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត ប្រជាប្រុសស្រីខ្មែរ ពុំគួររាប់រកជននេះឡើយ។
គណបក្សសញ្ជាតិកម្ពុជា កាលពីថ្ងៃទី ២៥ ខែតុលា ក៏បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិតក្បត់ជាតិដ៏អាក្រក់ជួរជាតិ សម រង្ស៉ី និងបក្ខពួកដែលបានធ្វើការប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្ត្រទូទាំងនគរ។
គណបក្សមួយទៀត, នោះគឺគណបក្សកម្លាំងប្រជាធិប តេយ្យ ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ផងដែរ។ សេចក្ដី ថ្លែងការណ៍ ចុះថ្ងៃទី ២៤ ខែតុលា សរសេរថា គណបក្សកម្លាំងប្រជាធិបតេយ្យសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុត ចំពោះជនក្បត់ជាតិ ដែលមានប្រវត្តិ ពូជអម្បូរត្រកូលក្បត់ជាតិតជំនាន់ទណ្ឌិត សម រង្ស៊ី ដែលមានថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហា ក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមេដឹកនាំគណបក្សភ្លើងទៀន ចេញមុខបកស្រាយករណីលោក សម រង្ស៊ី ដែលជាទណ្ឌិត ប្រមាថអង្គព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិការជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិនោះ តើជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ?
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ និយាយដោយត្រង់ជូនចំពោះឯកឧត្ដម ទាវ វណ្ណុល ឯកឧត្ដម ថាច់ សេដ្ឋា ឯកឧត្ដម សុន ឆ័យ ដែលជាមេដឹកនាំគណបក្សភ្លើងទៀន សូមចេញមកបញ្ជាក់អះអាងថា តើការនិយាយរបស់ សម រង្ស៊ី ខ្ញុំចំឈ្មោះអាហ្នឹងចុះ ព្រោះវាមិនអាចថា ក្រែងលោមានការភ័ន្ដច្រឡំ តើការនិយាយរបស់អា សម រង្ស៊ី ត្រឹមត្រូវ ឬមិនត្រូវ យើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀន ឲ្យបានច្បាស់ ថាតើការប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិកាជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ»? ៕ដោយ៖ សូរិយា