ប្រទេសថៃ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គទី១ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី៣០ នាទីក្រុងបាងកកប្រទេសថៃ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចប្រធានបានលើកឡើងថា វេទិកាAPPF លើកទី៣០ នាពេលនេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាពលរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពលរដ្ឋ នៅទូទាំងពិភពលោក។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ជាការងារដ៏ចាំបាច់ និងអាទិភាពបំផុត ហើយថា APPF ត្រូវប្តេជ្ញារួមគ្នាដើម្បីសម្រេចឱ្យបាននូវការស្តារឡើងវិញប្រកបដោយបរិយាបន្ន និងភាពធន់ តាមរយៈការលើកកម្ពស់បរិយាបន្នផ្នែកឌីជីថល និងហិរញ្ញវត្ថុ កិច្ចគាំពារសង្គម សមភាពយេនឌ័រ និងការអភិវឌ្ឍដែលផ្តោតលើមនុស្ស។
សូមជម្រាបថាវេទិកាលើកទី៣០ របស់ APPF នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកបដោយចីរភាព ក្រោយវិបត្តិកូវីដ-១៩”។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ជាវេទិកាសភាធំមួយនៅក្នុងតំបន់ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។
កិច្ចប្រជុំអង្គលើកទី ១ ផ្តោតលើបញ្ហានយោបាយនិងសន្តិសុខ មានប្រធានបទសំខាន់ចំនួនបី រួមមាន (១) ការលើកកម្ពស់ការទូតសភាដើម្បីសន្តិសុខក្នុងតំបន់ (២) ការពង្រឹងសន្តិសុខផ្នែកព័ត៌មានវិទ្យានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និង (៣) ស្តីពីសភា និងការស្តារការងើបឡើងវិញក្រោយវិបត្តិកូវីដ១៩ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សន្តិភាព និង សន្តិសុខ។
សម្តេចអគ្គមមហាពញចក្រី ហេង សំរិន បានលើកឡើងថា ការជួបជុំគ្នារបស់ APPF នាពេលនេះ គឺស្របពេលដែលពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ដែលបានកំពុងកើនឡើង មានភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការគំរាមកំហែងផ្នែកសន្តិសុខ សង្រ្គាមនៅអ៊ុយក្រែន ជាដើម។ ដោយឡែកតំបន់អាស៊ានវិញ វិបត្តិមនុស្សជាតិ និងនយោបាយនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាសំាញុំា និងមិនងាយរលត់នោះទេ ខណៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមិនទាន់បានចប់ទាំងស្រុង ។
ប្រឈមនឹងបញ្ហាទំាងអស់នេះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវឱ្យមានការគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីការធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ របស់សភាកម្ពុជា និងបានគោរពអញ្ជើញសមាជិក AIPA និងភ្ញៀវសង្កេតការណ៍ទំាងអស់ ចូលរួមមហាសន្និបាតនោះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២២នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា មហាអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ នឹងប្រព្រឹត្តិទៅក្រោមមូលបទ “បោះជំហានរួមគ្នា ដើម្បីកសាងអាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់” ។ កិច្ចប្រជុំនេះ នឹងបន្តកិច្ចសន្ទនាសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងសកល៕
ដោយ៖ ស តារា