ភ្នំពេញ៖ ស្ត្រីម្នាក់ស្រវឹងស្រាបើករថយន្តក្នុងល្បឿនយ៉ាងលឿនហើយជ្រុលទៅបុកនិងម៉ូតូពីក្រោយអូសជិត៣០០ម៉ែត្រ បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់និងស្រាល៣។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុនបារីសេក តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធនិងកូនស្រី ម្នាក់អាយុប្រហែល២ឆ្នាំ បានជិះម៉ូតូម៉ាក TODAY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កណ្តាល 1P-3433 ជិះឌុបគ្នាតាមផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៍៏ស្រាប់តែមានស្ត្រីម្នាក់វ័យប្រហែលជាង៣០ឆ្នាំ បើករថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-4203 ធ្វើដំណើរតាមផ្លូវជាតិលេខ២ទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ដោយស្រវឹងស្រាផងនោះ ក៏រេចង្កូតទៅបុកនិងម៉ូតូរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឲ្យអូសម៉ូតូជាប់ក្រោមរថយន្តជាង៣០០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកជិះម៉ូតូទាំង៣នាក់ដួលអូសរងរបួស២នាក់ម្ដាយនិងកូនតូចរងរបួសធ្ងន់ ដោយឡែកឪពុក រងរបួសស្រាល។ ក្រោយមកជនរងគ្រោះទាំង៣នាក់ត្រូវបានដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត្រភ្លាមៗផងដែរ។ ភ្លាមៗនោះអ្នកបើកបររថយន្តមិនព្រមឈប់ទេ គឺព្យាយាមបើករត់រហូតដល់មុខ ហេបភី ក្លឹប ទើបសមត្ថកិច្ចស្ទាក់ឃាត់រថយន្ត និងម្ចាស់បាន។ លុះដល់សមត្ថកិច្ចឃាត់បានស្ត្រីរូបនោះបានប្រើពាក្យសម្តីគំរុសគំរើយដាក់សមត្ថកិច្ចថែមទៀតផង ដោយនិយាយថាគាត់អត់ដឹងថាបុកម៉ូតូជនរងគ្រោះទៀតផង ។
ក្រោយពេលកើតហេតុម៉ូតូនិងរថយន្តបង្កព្រមទាំងស្ត្រីជាម្ចាស់នោះ ត្រូវសមត្ថកិច្ចធ្វើការឃាត់ និងវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំដោះស្រាយគ្នានៅពេញ ៕
![IMG_5759](http://nkdnews.com/wp-content/uploads/2016/05/IMG_5759.jpg)
![IMG_5758](http://nkdnews.com/wp-content/uploads/2016/05/IMG_5758.jpg)
![IMG_5760](http://nkdnews.com/wp-content/uploads/2016/05/IMG_5760.jpg)
![IMG_5761](http://nkdnews.com/wp-content/uploads/2016/05/IMG_5761.jpg)
![IMG_5757](http://nkdnews.com/wp-content/uploads/2016/05/IMG_5757.jpg)
ដោយ៖ ជីម ភារ៉ា ដង្កោ
...