ព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” ជាទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ហើយរំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់។

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្ដាលបានបញ្ជាក់ថា៖ ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយជួបជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អប្រសើរនូវស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ហើយទីផ្សារការងារចាប់ផ្តើមមានដំណើរការវិលទៅរកប្រក្រតីភាពជាធម្មតា ដោយបានបង្ហាញពីសំទុះនៃការបើកឱកាសការងារថ្មីៗជាបន្តបន្ទាប់ និងសកម្មភាពដាក់ពាក្យស្វែងរកការងាររបស់យុវជនមានការកើនឡើងយ៉ាងសកម្ម។

លោកបណ្ឌិត ពេជ សោភ័ន បានរំឭកថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក ទោះបីជាមានការរំខានដោយបញ្ហាកូវីដ-១៩ក្តី ក៏NEAបានបន្តរៀបចំពិព័រណ៍ការងារជាទៀងទាត់តាមប្រព័ន្ធអនឡាញ ដើម្បីបម្រើជូនភាគីពាក់ព័ន្ធទាំងអស់ក្នុងស្មារតីចូលរួមចំណែកជំរុញ និងរក្សាតុល្យភាពដំណើរការទីផ្សារការងារក្នុងពេលទទួលរងសម្ពាធ។ ក្នុងន័យនេះ ពិព័រណ៍ការងារគឺជាអន្តរការីក្នុងការជួយឱ្យនិយោជកអាចជ្រើសរើសកម្លាំងពលកម្មបានតាមតម្រូវការ, ទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ។

ដោយរួមបញ្ចូលគ្នានូវរបៀបវារៈសំខាន់ៗរួមមាន ៖
១. ការតាំងបង្ហាញឱកាសការងារ និងដាក់ពាក្យស្វែងរកការងារ, ការទទួលបានព័ត៌មានថ្មីៗ អំពីតម្រូវការជំនាញក្នុងទីផ្សារការងារ, ការប្រឹក្សាយោបល់អាជីព និងការត្រៀមខ្លួនចូលទីផ្សារការងារ។

២. សិក្ខាសាលាស្ដីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលជាផ្នែកមួយនៃយុទ្ធនាការផលិតភាពជាតិ ដើម្បីចែករំលែកនូវគំនិត, ចំណេះដឹង, ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដោយអ្នកជំនាញជាតិ-អន្តរជាតិ សំដៅបណ្តុះផ្នត់គំនិតវិជ្ជមាន, កែប្រែឥរិយាបថនិងទម្លាប់មិនល្អចោល, បង្កើនការយល់ដឹងអំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤។

៣. កម្មវិធីជ្រើសរើសរោងចក្រដែលមានស្នាដៃល្អក្នុងការអនុវត្តវិធានការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ(OSH) ជាពិសេសលើការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដក្នុងឆ្នាំ២០២២។

៤. កម្មវិធីបង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស ក្នុងចំណោមនិយោជក និងភាគីពាក់ព័ន្ធដែលចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធនូវលំហូរព័ត៌មានទៅវិញទៅមកស្តីពីឱកាសការងារ, ការជ្រើសរើសបុគ្គលិក, គោលនយោបាយផ្នែកធនធានមនុស្ស, ការបណ្តុះបណ្តាលជំនាញ និងការពង្រីកសក្តានុពលផ្នែកសហគ្រិនភាព ជាដើម។

សូមជម្រាបជូនថា ពិព័រណ៍នេះរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃសុក្រ-សៅរ៍ ទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។

...

ពិព័រណ៍ការងារ និងផលិតភាពជាតិគឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមាន លក្ខណៈប្រមូលផ្តុំ នូវព័ត៌មាននិងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ NEA។ គោលបំណងសំខាន់បំផុតគឺ ៖ការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ, ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត, ទទួលបានការប្រឹក្សាយោបល់អាជីព, ការត្រៀមខ្លួនចូលការងារយ៉ាងសកម្មផុលផុស និងការស្វែងយល់ពីការបង្កើនផលិតភាព៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print