អាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យនិងណែនាំម្ចាស់សិប្បកម្មកិនជ័រអេតចាយ ក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ចេញពីទីតាំងសិប្បកម្មកិនជ័រអេតចាយមួយកន្លែងនៅសង្កាត់ឃ្មួញ អាជ្ញាធរខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ដឹកនាំដោយលោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌសែនសុខ បានដឹកនាំមន្រ្តីជំនាញសាលាខណ្ឌចុះធ្វើការត្រួតពិនិត្យព្រមទាំងបានណែនាំម្ចាស់សិប្បកម្ម ត្រូវរៀបចំលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវចៀសវាងផលប៉ះពាល់ផ្សេងៗទៅដល់ប្រជាពលរដ្ឋ ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់ឲ្យដឹងថា សិប្បកម្មកិនជ័រអេតចាយ ដែលរងផលប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យ និងណែនាំ ព្រមទាំងពិនិត្យច្បាប់អនុញ្ញាតិផងនោះ គឺមានទីតាំងនៅតាមបណ្តោយផ្លូវលំ ក្រុមទី២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់បន្តឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកស្រីព្រុំ រដ្ឋា តំណាងលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំមន្រ្តីជំនាញសាលាខណ្ឌ ចុះធ្វើការត្រួតពិនិត្យ ទីតាំងសិប្បកម្មកិនជ័រអេតចាយនេះ គឺដោយសារទទួលបានពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងសិប្បកម្មកិនជ័រអេតចាយមួយនេះ ប្រមាណ១៥គ្រួសារ ទទួលរងផលប៉ះពាល់ផ្សេងៗទៅដល់ការរស់នៅរបស់ពួកគាត់ ជាពិសេសការរំខានសំឡេងខ្លាំងៗ ទើបអាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យបែបនេះ ។

មន្ត្រីសាលាខណ្ឌសែនសុខប្រាប់បន្តឲ្យដឹងទៀតថា ក្រោយពីចុះធ្វើការត្រួតពិនិត្យបញ្ជាក់ថា ទីតាំងសិប្បកម្មកិនជ័រអេតចាយមួយនេះ មានច្បាប់អនុញ្ញាតិត្រឹមត្រូវពីមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងមន្ទីរបរិស្ថាន រាជធានីភ្នំពេញ ហើយក្នុងនោះដែរ អាជ្ញាធរខណ្ឌក៏បានណែនាំទៅដល់ម្ចាស់សិប្បកម្ម ចំនួន៣ចំណុច រួមមានចំណុចទី១ ម្ចាស់សិប្បកម្ម ត្រូវអនុវត្តតាមការណែនាំ តាមកាលវេលាកំណត់ គឺចាប់ធ្វើការពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ និងពេលល្ងាច ចូលធ្វើការចាប់ពីវេលាម៉ោង ១៤និង៣០នាទី រហូតដល់វេលាម៉ោង ១៧និង៣០នាទី ចំណុចទី២ ម្ចាស់អាជីវកម្ម ត្រូវតែកែសម្រួលទីតាំងទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយសំឡេង ដែលខ្ទរចេញទៅរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង និងចំណុចទី៣ ត្រូវរក្សាសណ្តាប់ធ្នាប់ សាធារណៈ នៅជុំវិញបរិវេណសិប្បកម្ម ដោយទុករយៈពេលមួយសប្តាហ៍ ដើម្បីឲ្យខាងម្ចាស់សិប្បកម្មកែសម្រួល ។

ផ្ទុយទៅវិញ បើម្ចាស់សិប្បកម្មមិនព្រមអនុវត្តតាមការណែនាំនោះទេ អាជ្ញាធរខណ្ឌ នឹងធ្វើលិខិតស្នើរទៅសាលារាជធានីភ្នំពេញ មានវិធានការបន្តទៀត ៕

អេតចាយ៣

អេតចាយ២

អេតចាយ៨

អេតចាយ១

អេតចាយ៤

អេតចាយ៥

អេតចាយ៦

អេតចាយ៧

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print