ខេត្តសៀមរាប៖ អាជីវករលក់ត្រីនៅស្រុកក្រឡាញ់ត្រូវបានក្រុមចោមួយក្រុមមានគ្នា៣នាក់ដែលប្រើកាំភ្លើង AK ២ដើម បានបាញ់គម្រាម១គ្រាប់ទៅលើជនរងគ្រោះ រួចយកគ្រឿងអលង្ការ និងលុយសរុបជាង ៦ពាន់ដុល្លារ ទៅបាត់ដោយសុវត្ថភាព ប៉ុន្តែគ្មានអ្នករងរបួសក្នុងហេតុការនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ចាន់ សារ៉េន អធិការនគរបាលស្រុកក្រឡាញ់បានឲ្យដឹងថា តាមការសាកសួរចម្លើយពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រុមជនសង្ស័យមានគ្នា៣នាក់ ស្លៀកពាក់ស៊ីវិល១នាក់ ស្លៀកពាក់ខោអាវទាហាន២នាក់ ប្រដាប់ដោយកាំភ្លើង AK ២ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ផ្ទះប្រជាពលរដ្ឋឈ្មោះ ពរ រិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំនៅ ភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកអធិការបន្តទៀតថា ក្នុងអំពើប្លន់នេះជនល្មើសបានបាញ់មួយគ្រាប់គម្រាមជនរងគ្រោះ តែមិនបណ្តាលឱ្យរងរបួសទេ រួចហើយប្លន់យកលុយអស់ជាង ៦ពាន់ដុល្លារគេចខ្លួនដោយសុវត្ថិភាព។
លោកបានបញ្ជាក់បន្ថែមថា ចំពោះទ្រព្យសម្បត្តិដែលក្រុមចោរប្លន់ពីជនរងគ្រោះមានខ្សែដៃមាស៥ជី ខ្សែកមាស១តម្លឹង ប្រាក់ថៃ៥ម៉ឺនបាត ប្រាក់ដុល្លារ៥០០ដុល្លារ ប្រាក់រៀល ៦លានរៀល ដែលសរុបទាំងអស់ជាង ៦ពាន់ដុល្លា។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមចោរបានគេចខ្លួនបាត់ដោយសុវត្ថិភាព។ ចំណែកលោកអធិការនគរបាលស្រុកក្រឡាញ់ បានបញ្ជាក់បន្ថែមទៀតថា ពេលនេះកម្លាំងរបស់អធិការ និងកម្លាំងកងរាជអាវុធហត្ថស្រុក ខេត្តសៀមរាប កំពុងដុតដៃដុតជើង ស្វែងរកមុខសញ្ញាជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ ក្រុមចោរប្លន់ប្រដាប់អាវុធក៍បានចូលបាញ់ប្លន់ផ្ទះអ្នកលក់ចាប់ហួយនៅស្រុកពួក និងយកលុយអស់ច្រើនសន្ធឹកសន្ទាប់ផងដែរ ព្រមទាំងបាញ់ជនរងគ្រោះបណ្ដាលឲ្យរបួសផងដែរ ប៉ុន្ដែមកដល់់ពេលនេះមិនទាន់មានតម្រុយពីក្រុមចោរទាំងនោះនៅឡើយទេ៕
ដោយ៖ ជានិរន្ដរ៍