ខេត្តកំពង់ចាម៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានករណី “បង្ខាំងមនុស្ស” (កម្មករខ្មែរនៅក្នុងសិប្បកម្មឡឥដ្ឋ) ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍។
របាយការណ៍ដដែលបន្តថា ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី២៨ ខែតុលាម្សិលមិញនេះ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ភ្លាមនោះលោកអនុសេនីយ៍ឯក គង់ សុផាណា បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ស្នងការរង វ៉ា សុធារ៉ា ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។
ជាលទ្ធផលកម្លាំងជំនាញ ដឹកនាំដោយលោកអធិការ បានចុះដល់កន្លែងកើតហេតុ ហើយការសាកសួរជនរង គ្រោះ និងម្ចាស់ឡឥដ្ឋ ក្រោយមកទើបដឹងថាជនរងគ្រោះមានបំណងចង់ឈប់ធ្វើ ការពីសិប្បកម្មឡឥដ្ឋនេះ តែម្ចាស់ទីតាំងមិនព្រមដោយសារជនរងគ្រោះនៅជំពាក់ លុយ ។
ក្រោយពីមានការសម្របសម្រួល និងការធានាពីឪពុកម្តាយជនរងគ្រោះ ទើបម្ចាស់ឡឥដ្ឋយល់ព្រមឱ្យពួកគាត់ឈប់ ដោយសន្យាសងប្រាក់ចំនួន ៥០០០ដុល្លា(ប្រាំពាន់ដុល្លា)។ ករណីនេះបានបញ្ចប់នៅម៉ោង ០៩ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ៕ ដោយ៖សហការី