ភ្នំពេញ : វិបត្តិផ្ទៃក្នុងរបស់ប្រទេសភូមាជាងមួយឆ្នាំមកនេះ បានធ្វើឱ្យអាស៊ានពិបាកនៅក្នុងការសម្រេចចិត្តរហូតនាំគ្នាគិតគូរទៅដល់អនាគតរបស់អាស៊ានដែលមានអាយុ៥៥ឆ្នាំនេះ ថាតើជាពេលវេលាដើរដល់ផ្លូវបំបែក ឬក៏ត្រូវបន្តដំណើរទៅមុខទៀតតាមរបៀបណា?
១. បន្តដើរទៅមុខដោយអនុញ្ញាតត្រឹមតំណាងអ្នកមិនមែននយោបាយចូលរួមតែកិច្ចប្រជុំថ្នាក់កំពូល និងថ្នាក់រដ្ឋមន្រ្តីការបរទេស?
២. ឬបន្តរាលដាលមិនឱ្យចូលរួមប្រជុំដល់ថ្នាក់រដ្ឋមន្រ្តីនៃវិស័យផ្សេងៗទៀតទាំងអស់?
៣. ឬសូម្បីតែតំណាងមិនមែនជាអ្នកនយោបាយក៏លែងអនុញ្ញាតឱ្យចូលប្រជុំទាំងអស់ (de-facto suspension)?
៤. បីចំណុចខាងលើសំដៅតែទៅលើកិច្ចប្រជុំផ្ទៃក្នុងអាស៊ាន ចុះពេលមានកិច្ចប្រជុំអាស៊ានជាមួយដៃគូដទៃទៀត ដូចជាអាស៊ានជាមួយអាមេរិក អាស៊ានជាមួយជប៉ុន ឬជាមួយដៃគូ៨ប្រទេសទៀត ជាពិសេសកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក (ADMM Plus)?
សំណួរទាំងបួននេះហើយដែលចាប់បង្ខំឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ានកោះប្រជុំជាបន្ទាន់មួយនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។កម្ពុជាតូច ប៉ុន្តែធំ
កម្ពុជាជាប្រទេសតូច ប្រជាជនតិច បែរជាជិះយន្តហោះទៅធ្វើជាប្រធានអង្គប្រជុំនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាប្រទេសធំ និងប្រជាជនច្រើនជាងគេបង្អស់នៅអាស៊ានទៅវិញ។ប្រជុំនិយាយពីភូមា តែគ្មានភូមាចូលរួមជារឿងថ្មីលើទឹកដីចាស់របស់ឥណ្ឌូនេស៊ី ដែលកាលពីខែមេសាឆ្នាំ២០២១ មេដឹកនាំ
អាស៊ានទាំង១០រួមទាំងមេដឹកនាំរបបយោធាភូមា ម៉ីង អោងឡាំង ខ្លួនឯងផងបានឯកភាពជាឯកច្ឆន្ទលើ៥ចំណុចក្នុងការសម្រួលដល់សភាពការណ៍ដ៏អាក្រក់នៅភូមា។ ជាងមួយឆ្នាំក្រោយមក ស្ថានការណ៍មិនបានវិវត្តល្អឡើយ ហើយសឹងតែយ៉ាប់ជាងមុនទៅទៀត ធ្វើឱ្យអាស៊ាន៩ មកជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីតាំងដដែល (អគ្គលេខាធិការអាស៊ាននៅទីក្រុងហ្សាកាតា) ដើម្បីនិយាយពីបញ្ហាភូមាដដែលតែគ្មានវត្តមានភូមាឡើយ។រដ្ឋមន្ត្រីការបរទេស១០ អវត្តមាន៣វត្តមានរដ្ឋមន្រ្តីដែលបានចូលរួមប្រជុំមានតែ៧រូប រីឯ៣រូបទៀតអវត្តមាន៖ ភូមា (គ្មានអ្នកតំណាងឡើយ), ម៉ាឡេស៊ី (តំណាងដោយអគ្គលេខាធិការរងក្រសួងការបរទេស), រីឯវៀតណាម (តំណាងដោយឧត្តមមន្រ្តីស្តីទី)។ហេតុអ្វីបានជារដ្ឋមន្រ្តីម៉ាឡេស៊ី និងវៀតណាមអវត្តមាន?
សម្រាប់ប្រទេសម៉ាឡេស៊ីមិនមានអ្វីគួរឆ្ងល់ទេ នោះក៏ព្រោះតែបញ្ហាផ្ទៃក្នុងដែលកំពុងត្រៀមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់គឺវៀតណាមទៅវិញទេ ដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនអវត្តមាន ហើយបញ្ជូនតែតំណាងដែលមានឋានៈជាឧត្តមមន្រ្តីស្តីទី (Acting SOM Leader) — ហេតុអ្វី? ដោយសាររដ្ឋមន្ត្រីការបរទេសជាប់អមដំណើរលោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតី ង្វៀន ភូជុង (Nguyen Phu Trong) ទៅទស្សនកិច្ចនៅប្រទេសចិន។
នរណាចង់ស្រាស់របង?អាស៊ានបានចែកជាពីរប៉ូល គឺអាស៊ានគោក និងអាស៊ានកោះ។ អាស៊ានកោះ មាន
ឥណ្ឌូនេស៊ី និងសឹង្ហបុរីជាមេទ័ពជួរមុខ ដែលចង់លេងធម៌ក្តៅ ចង់ស្រាស់របងមិនឱ្យភូមាចូលរួមប្រជុំទាំងអស់ ដោយទាញហេតុផលថា “យើងមិនគួររក្សាទុកបញ្ហាឱ្យនៅក្រោមកម្រាលព្រំតទៅទៀតទេ”។ ដោយឡែកព្រុយណេ ជាប្រទេសកោះមួយដែរ បានលើកជាយោបល់ថា ភូមាបច្ចុប្បន្នប្រៀបដូចជា “សេះឈឺ ខ្លាចទឹក” ដូចនេះគួរប្រើ “រំពាត់បែបណា” ដើម្បីបង្ខំសេះឈឺឱ្យផឹកទឹក?នរណាចង់រក្សារបងឱ្យនៅចំហ?
អាស៊ានគោកទាំងអស់ ដូចជាកម្ពុជា វៀតណាម ឡាវ និងថៃ សុទ្ធតែគិតចង់បន្តបើកទ្វារឱ្យភូមាព្រោះខ្លាចអាស៊ានដែលបានរួមរស់ជាមួយគ្នាអស់រយៈពេល៥៥ឆ្នាំមកហើយក៏ស្រាប់តែលែងលះគ្នាភ្លាមៗ ហើយដែលនឹងធ្វើឱ្យបែកចានបែកឆ្នាំងដល់សហគមន៍
សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ដែលអាស៊ានបានចងជាបាច់ដើម្បីកំណើនសេដ្ឋកិច្ចតំបន់ដ៏ធំមួយសម្រាប់ប្រជាជនជាង ៦០០លាននាក់។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស
កម្ពុជាត្រូវបានគេវាយតម្លៃខ្ពស់ក្នុងនាមជាប្រធានអង្គប្រជុំដោយបានប្រើប្រាស់ការទូតដ៏ប៉ិនប្រសប់ និងដោយពុំមានភាពឆ្គាំឆ្គងដើម្បីរក្សាជំហរដែលប្រធានអាស៊ានចង់បាន។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក ប្រាក់ សុខុន បានផ្ញើពាក្យមួយឃ្លាថា “យើងមិនអាចបិទភ្នែកធ្វើមិនដឹងមិនឮ រួចបន្តទុកឱ្យប្រជាជនស្លូតត្រង់របស់ភូមារងទុក្ខវេទនានោះទេ (“We simply cannot afford to kick the can down the road, and prolong the suffering of innocent people of Myanmar”)។ ក្នុងន័យនេះ កម្ពុជាទទួលស្គាល់ភាពស្មុគស្មាញលំបាក ប៉ុន្តែក៏មិនគួរបោះបង់កិច្ចខិតខំប្រឹងប្រែងកន្លងមកនោះដែរ។ លោក ប្រាក់ សុខុន ជាប្រមុខការទូតកម្ពុជាដ៏ឆ្នើមលើការប្រើប្រាស់ពាក្យពេចន៍ ឬនិយាយមួយបែបថា “ពូកែលេងពាក្យ”។ ខ្ញុំនៅចាំព្រឹត្តិការណ៍មួយ ពេលកម្ពុជារៀបចំពិធីលៀងសាយភោជន៍កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ មួយថ្ងៃមុនពេលរដ្ឋមន្រ្តីការបរទេសមកពី២៧ប្រទេសត្រូវជួបពិភាក្សានូវប្រធានបទក្តៅៗជាច្រើនលើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ជាមួយរុស្ស៊ី កោះតៃវ៉ាន់ជាមួយចិន និងបញ្ហានៅភូមាជាដើម។ ខ្ញុំយល់ថា លោក ប្រាក់ សុខុន ពិតជាបានដឹងជាមុនថានឹងមានភាពតានតឹង និងក្តៅហួតហែង ដែលអាចពិបាកដល់លោកដែលជាអ្នកសម្របសម្រួល និងសម្រេចក្នុងនាមជាប្រធានអង្គប្រជុំផង និងជាម្ចាស់ផ្ទះផង។ ពេលនោះលោក ប្រាក់ សុខុន
បានប្រើពាក្យមួយឃ្លាគួរឱ្យទាក់ទាញដែលខ្ញុំសូមដកស្រង់សម្តីដើម “ខ្ញុំពិតជាសង្ឃឹមថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ថ្លៃថ្នូរ ស៊ីវិល័យ ទំនួលខុសត្រូវ និងការទូត ដើម្បីធានាថា យើងអាចចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយផ្លែផ្កា និងប្រកបដោយផលិតភាព ដែលអំណោយផលដល់ការស្វែងរកដំណោះស្រាយសមស្របមួយចំនួនចំពោះវិបត្តិដែលយើងកំពុងជួបប្រទះ និងភាពខុសគ្នាដែលកំពុងបែងចែកយើងទាំងអស់គ្នា”។ សម្រាប់ខ្ញុំជាអ្នកតាមដានកិច្ចប្រជុំពីក្រៅឆាក ខ្ញុំពិតជាពេញចិត្តនឹងពាក្យ “ស្ងប់ស្ងាត់ ថ្លៃថ្នូរ ស៊ីវិល័យ” ដែលសឹងតែស្មើពាក្យថា “កុំឡូឡាច្រងេងច្រងាង ហើយនិយាយឱ្យសមជាថ្នាក់ដឹកនាំដែលមានចំណេះដឹងខ្ពង់ខ្ពស់”។ កិច្ចប្រជុំកន្លងមក ធ្លាប់មានជជែកតឹងសរសៃកដាក់គ្នាមិនតិចដងទេ។
តើកិច្ចប្រជុំបានលទ្ធផលអ្វី?
កិច្ចប្រជុំបានចំណាយពេលជាង៣ម៉ោងដែលប្រទេសនីមួយៗសុទ្ធតែមានទស្សនៈ និងជំហររៀងៗខ្លួន។ តែជាសរុបមក អាស៊ាន៩យល់ស្របគ្នាថា របបយោធាភូមាអនុវត្តមិនបានពេញលេញនូវកិច្ចសន្យារបស់ខ្លួនលើចំណុចឯកច្ឆន្ទ៥ចំណុចនោះឡើយ ត្រង់នេះហើយដែលធ្វើឱ្យប្រទេសមួយចំនួនចង់បិទផ្លូវលែងឱ្យភូមាចូលរួមប្រជុំទាំងអស់ រហូតទាល់តែមានការផ្លាស់ប្តូរជាវិជ្ជមាន រីឯប្រទេសមួយក្រុមទៀត ជាមតិភាគច្រើនស្របជាមួយកម្ពុជាថា គួររក្សាឱ្យចូលប្រជុំកម្រិតតំណាងមិនមែនជាអ្នកនយោបាយត្រឹមតែកិច្ចប្រជុំកំពូល និងថ្នាក់រដ្ឋមន្រ្តីការបរទេសបានហើយ ពុំគួរពន្លាតដល់រដ្ឋមន្រ្តីលើផ្នែកដទៃទៀត។ នៅឯកិច្ចប្រជុំជាងបីម៉ោង ឥណ្ឌូនេស៊ីនិងសឹង្ហបុរី បានប៉ះគ្នាជាមួយកម្ពុជា និងថៃ (២ទល់២) រហូតធ្វើឱ្យរដ្ឋមន្រ្តីការបរទេសថៃសូត្រនៅប្រវត្តិអតីតកាលខ្លះស្តីពីតួនាទីសម្របសម្រួលដ៏សំខាន់របស់ឥណ្ឌូនេស៊ី ខុសគ្នានឹងឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ន។ សំណាងដែរដែលមានវៀតណាម និងឡាវបានគាំទ្រជំហរបស់កម្ពុជា និងថៃ។ យ៉ាងណាក៏ដោយនៅចុងបញ្ចប់ កិច្ចប្រជុំបានសម្រេចគ្នាថា ចំណុចដែលបានពិភាក្សានឹងត្រូវលើកជាអនុសាសន៍ដើម្បីឱ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេចនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ៕
ដោយ ; លោក ពុយ គា